ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍អន្តរជាតិដែលមានមូលដ្ឋានក្នុងក្រុងឌូបៃពិចារណាចង់ភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍អន្តរជាតិដែលមានមូលដ្ឋានក្នុងក្រុងឌូបៃពិចារណាចង់ភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា

ក្រុមហ៊ុនសេវាកម្មអាកាសចរណ៍អន្តរជាតិដែលមានមូលដ្ឋានក្នុងក្រុងឌូបៃពិចារណាចង់ភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជា

ភ្នំពេញ៖ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែ មិថុនា លោកស្រី Aida Ismail នាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់តំណាងក្រុមហ៊ុន Hadid International Services (HADID)បានមានប្រសាសន៍ថា ក្រុមមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។

Advertisement

លោកស្រីថា ការរួមចំណែកក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក នឹងធ្វើឡើងតាមរយៈបណ្តាញដៃគូអន្តរជាតិ មានដូចជាការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។

គួរបញ្ជាក់ផងដែរថា ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦ លាននាក់ ខណៈក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះមានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់ ដែលឆ្លុះបញ្ចាំងពីសក្តានុពលនៃទីផ្សារនេះ។

សូមជម្រាបជូនថា ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសសហព័ន្ធអារ៉ាប់រួម និងមានបទពិសោធន៍ជាង ៤០ ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការនៅតំបន់អាហ្វ្រិក អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើននៅលើពិភពលោក៕ដោយ ជាវ ចន្ធូ ប្រភពក្រសួងទេសចរណ៍

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា