ឡាវសុំចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសបច្ចេកវិទ្យាពីកម្ពុជា ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡាវសុំចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសបច្ចេកវិទ្យាពីកម្ពុជា ​

ឡាវសុំចែករំលែកបទពិសោធន៍បង្ក្រាបបទល្មើសបច្ចេកវិទ្យាពីកម្ពុជា ​

បន្ទាប់ពីកម្ពុជាទទួលបានលទ្ធផលល្អលើការបង្ក្រាបបទល្មើសបច្ចេកវិទ្យា​ ពេលនេះភាគីឡាវបានស្នើឱ្យកម្ពុជាចែករំលែកបទពិសោធលើការបង្ក្រាប Online scams នេះជាបន្ទាន់ ខណៈក្រុមឧក្រិដ្ឋជនក្នុងប្រទេសឡាវ កំពុងប្តូរល្បិចថ្មី ដោយបំបែកខ្លួនពួនសម្ងំតាមផ្ទះពលរដ្ឋក្នុងសហគមន៍។
 
ឯកឧត្តមឧត្តមសេនីយ៍ឯក វ៉ាន់ថន កងម៉ានី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា បានស្នើដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីចាត់មន្ត្រីជំនាញជួយសហការចែករំលែកបទពិសោធលើការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ភាគីឡាវ។

Advertisement

ឯកឧត្តម ស សុខា បានប្រកាសគាំទ្រចំពោះសំណើនេះ ព្រមទាំងលើកឡើងពីគំនិតផ្តួចផ្តើមបង្កើតប្រព័ន្ធសហប្រតិបត្តិការរួមគ្នាមួយ រវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីផ្លាស់ប្តូរព័ត៌មានទាន់ហេតុការណ៍ និងចែករំលែកបទពិសោធន៍ជុំវិញការបង្ការ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញទាំងក្នុងតំបន់ និងពិភពលោក។
 
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ដែលជាសេនាធិការស្នូលក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យាយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរបានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនដូចគ្នា ដោយនៅប្រទេសឡាវ ក្រុមឆបោកកំពុងព្យាយាមបំបែកខ្លួនទៅពួនសម្ងំប្រព្រឹត្តបទល្មើសតាមទីតាំងតូចៗក្នុងសហគមន៍មូលដ្ឋាន។
 
ចំពោះកម្ពុជា ឯកឧត្តម ស សុខា បានបញ្ជាក់ថា បន្ទាប់ពីការបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំ ក្រុមឧក្រិដ្ឋជនដែលសេសសល់បានប្តូរវិធីសាស្ត្រ ដោយជួលទីតាំងតូចៗ ដូចជា ផ្ទះសំណាក់ ឬផ្ទះធម្មតារបស់ប្រជាពលរដ្ឋដើម្បីលាក់ខ្លួន។ ទោះជាយ៉ាងណា សមត្ថកិច្ចកម្ពុជាគ្រប់មូលដ្ឋានកំពុងម្ចាស់ការស្រាវជ្រាវ និងបោសសម្អាតជាបន្តបន្ទាប់ ដោយមានកិច្ចសហការយ៉ាងស្អិតរមួតពីប្រជាពលរដ្ឋក្នុងការផ្តល់តម្រុយព័ត៌មាន។
 
នៅក្នុងជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ជនបរទេស ជាង ៣៦ម៉ឺននាក់ ត្រូវបានបណ្តេញ និងស្មគ្រចិត្តចេញពីប្រទេសកម្ពុជា​ ដោយសារមានការពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការលួចស្នាក់នៅ និងធ្វើការខុសច្បាប់។
 
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្ត ក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យានេះឱ្យអស់ ដើម្បីស្តារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងចូលរួមជួយសង្គ្រោះមនុស្សជាតិលើពិភពលោក៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា