ប្រាសាទក្រវ៉ាន់បង្កប់បច្ចេកទេសឆ្លាក់ឥដ្ឋដ៏កម្រគ្មានពីរក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទក្រវ៉ាន់បង្កប់បច្ចេកទេសឆ្លាក់ឥដ្ឋដ៏កម្រគ្មានពីរក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍

ប្រាសាទក្រវ៉ាន់បង្កប់បច្ចេកទេសឆ្លាក់ឥដ្ឋដ៏កម្រគ្មានពីរក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍

នៅកណ្តាលទឹកដីប្រវត្តិសាស្ត្រនៃក្រុងសៀមរាប មានមរតកស្ថាបត្យកម្មដ៏វិសេសវិសាលមួយដែលកំពុងទាក់ទាញភ្នែកពិភពលោក នោះគឺ «ប្រាសាទក្រវ៉ាន់»។ ផ្អែកតាមសិលាចារឹក K-269 ត្បូងពេជ្រនៃសិល្បៈខ្មែរសតវត្សរ៍ទី១០ មួយនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ៩២១ នៃគ.ស ក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ដោយក្រុមមន្ត្រីជាន់ខ្ពស់ដឹកនាំដោយមេទ័ព ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។
 
បើតាមអាជ្ញាធរអប្សរា ប្រាសាទក្រវ៉ាន់លេចធ្លោដាច់គេ និងមានតម្លៃមិនអាចកាត់ថ្លៃបាន គឺលក្ខណៈពិសេសអស្ចារ្យចំនួន ៣យ៉ាង។ ទីមួយ គឺទម្រង់ស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃតួប៉មទាំង៥ ដែលសាងសង់តម្រៀបគ្នាជាជួរត្រង់នៅលើខឿនថ្មបាយក្រៀមតែមួយ បែរមុខទៅទិសខាងកើត ខុសប្លែកទាំងស្រុងពីទម្រង់ប្រាសាទភ្នំ ឬប្រាសាទរៀបចំបែបផ្កាឈូកប្រាំទិសដទៃទៀត។ តួប៉មកណ្តាលមានទំហំធំជាងគេបង្អស់ ហើយអមសងខាងដោយតួប៉មតូចៗទៅតាមលំដាប់លំដាប់ ដែលបង្កើតបានជាតុល្យភាព និងភាពឯកភាពគ្នាយ៉ាងល្អឥតខ្ចោះ។
 
ភាពភ្ញាក់ផ្អើល និងអស្ចារ្យបំផុតដែលស្តែងឡើងនៅក្នុងប្រាសាទនេះ គឺចម្លាក់ក្រឡោតទាបល្អឯកនៅលើជញ្ជាំងឥដ្ឋខាងក្នុងតួប៉ម។ ជាទូទៅ ស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់បែបនេះនៅលើថ្មភក់ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ បុព្វបុរសខ្មែរបានប្រើប្រាស់បច្ចេកទេសដ៏កម្រ និងផ្ចិតផ្ចង់បំផុត ដោយដាប់ឆ្លាក់ដោយផ្ទាល់នៅលើផ្ទៃឥដ្ឋតែម្តង។ នៅក្នុងប៉មកណ្តាល មានផ្ទាំងចម្លាក់ធំៗចំនួន៣ បង្ហាញពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន ព្រះវិស្ណុដៃ៤ ព្រះវិស្ណុឈានជើងកាត់ភពទាំងបី និងព្រះវិស្ណុគង់លើគ្រុឌ ខណៈនៅក្នុងប៉មខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី ដែលស្តែងចេញនូវភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា។
 
លើសពីនេះ ប្រាសាទក្រវ៉ាន់ នៅតែរក្សាអាថ៌កំបាំងនៃគំនូរពណ៌បុរាណអាយុកាលជាង១ ០០០ឆ្នាំ។ តាមរយៈការស្រាវជ្រាវ អ្នកជំនាញបានរកឃើញស្លាកស្នាមជ័រឈើ និងល័ក្ខពណ៌ក្រហម ដែលលាបលម្អពីលើចម្លាក់ឥដ្ឋទាំងនោះ។ ភស្តុតាងប្រវត្តិសាស្ត្រដ៏រំភើបនេះសញ្ជាក់ថា កាលពីដើមឡើយ ផ្ទៃខាងក្នុងនៃតួប៉មមិនមែនមានត្រឹមតែពណ៌ដីដុតនៃឥដ្ឋនោះទេ ប៉ុន្តែត្រូវបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើកគួរឱ្យស្ងើចសរសើរ។
 
ប្រាសាទក្រវ៉ាន់ មិនគ្រាន់តែជាកន្លែងសក្ការបូជាធម្មតានោះឡើយ ប៉ុន្តែវាជាវិចិត្រសាលសិល្បៈដ៏មានតម្លៃដែលបង្ហាញពីកំពូលជើងកាត់នៃបច្ចេកវិទ្យាដុត និងឆ្លាក់ឥដ្ឋរបស់ខ្មែរ ដែលគ្មានពីរនៅក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន មរតកដ៏អស្ចារ្យនៅក្នុងតំបន់រមណីយដ្ឋានអង្គរមួយនេះ កំពុងត្រូវបានថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ដោយអាជ្ញាធរជាតិអប្សរា ដើម្បីបន្តបង្ហាញខ្លួននូវមោទនភាពជាតិទៅកាន់ពិភពលោក៕

Advertisement

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា