ក្រសួងបរិស្ថានណែនាំវិធានការបង្ការទប់ទល់រលកកម្តៅខ្លាំងដោយសារបាតុភូត El Niño | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានណែនាំវិធានការបង្ការទប់ទល់រលកកម្តៅខ្លាំងដោយសារបាតុភូត El Niño

ក្រសួងបរិស្ថានណែនាំវិធានការបង្ការទប់ទល់រលកកម្តៅខ្លាំងដោយសារបាតុភូត El Niño

ក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាត្រូវតែត្រៀមលក្ខណៈចាប់ពីថ្ងៃនេះ ដើម្បីប្រឈមនឹងរលកកម្តៅដោយ​សារបាតុ​ភូត El Niño នាពេលខាងមុខ។ ការរំលឹករបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពី​តំបន់អឺរ៉ុប ជាពិសេសប្រទេសបារាំង និងអង់គ្លេស កំពុងជួបប្រទះបញ្ហារលកកម្តៅយ៉ាងខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារតែការប្រែប្រួលអាកាសធាតុ។
 
សម្រាប់កម្ពុជាវិញ ក្រសួងបរិស្ថានលើកឡើងថា ប្រហែលជាមិនមានលក្ខខណ្ឌអាកាសធាតុដូចអឺរ៉ុបនោះទេ ប៉ុន្តែកម្ពុជាមិនគួរទាញសន្និដ្ឋានថា អាចគេចផុតពីបញ្ហានេះបានឡើយ។ រលកកម្តៅនាពេលបច្ចុប្បន្ននេះ គួរតែជាសញ្ញាព្រមានទុកជាមុន​ហើយវាក៏ជាសញ្ញាមួយបង្ហាញថា បាតុភូត El Niño នាពេលខាងមុខ អាចនឹងនាំមកនូវគ្រោះរាំងស្ងួតអូសបន្លាយពេល កម្តៅខ្លាំង ការខ្វះខាតទឹក ភ្លើងឆេះព្រៃ ទិន្នផលកសិកម្មធ្លាក់ចុះ និងហានិភ័យសុខភាពកាន់តែខ្លាំងដល់ប្រជាជនផងដែរ។
 
ក្នុងន័យនេះ ក្រសួងបរិស្ថានបានអំពាវនាវគ្រប់ក្រុមគ្រួសារគួរតែរៀនប្រើប្រាស់ទឹកដោយសន្សំសំចៃ។ អាងស្តុកទឹក ស្រះទឹក និងប្រព័ន្ធធារាសាស្ត្រ គួរតែត្រូវបានពិនិត្យ និងជួសជុលឡើងវិញនៅកន្លែងណាដែលចាំបាច់នាពេលខាងមុខ។ កសិករគួរតែទទួលបានការណែនាំអំពីដំណាំធន់នឹងគ្រោះរាំងស្ងួត និងវិធីសាស្ត្រស្រោចស្រពដែលមានប្រសិទ្ធភាព។
 
ជាមួយគ្នានេះ វិធានការបង្ការភ្លើងឆេះព្រៃត្រូវតែពង្រឹង ហើយសហគមន៍ត្រូវតែត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះការផ្ទុះឡើងនៃគ្រោះអគ្គិភ័យ។ សាលារៀន មន្ទីរពេទ្យ និងកន្លែងធ្វើការ គួរតែត្រូវបានបំពាក់ដោយផែនការការពារមនុស្សពីរលកកម្តៅខ្លាំង ជាពិសេសកុមារ មនុស្សចាស់ និងអ្នកដែលត្រូវធ្វើការងារនៅទីវាលខាងក្រៅ។
 
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ គួរតែសហការគ្នាដើម្បីកាត់បន្ថយការដុតបំផ្លាញដែលមិនចាំបាច់ អភិរក្សព្រៃឈើ និងការពារប្រភពទឹក ដែលជាកន្លែងស្តុកទឹកដោយធម្មជាតិក្នុងរដូ​វ​វស្សា។ ដើមឈើនីមួយៗដែលត្រូវបានការពារនាថ្ងៃនេះ គឺជាប្រភពនៃម្លប់ សំណើម និងភាពធន់សម្រា​ប់​ថ្ងៃស្អែក។ នេះបើតាមក្រសួងបរិស្ថាន។
 
ក្រសួងបរិស្ថានគូសបញ្ជាក់ថា កម្ពុជាត្រូវតែស្ថាបនាភាពធន់នឹងអាកាសធាតុក្នុងរយៈពេលវែង ជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹក ប្រព័ន្ធស្រោចស្រពទំនើប ថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ បង្កើនតំបន់បៃតងក្នុងក្រុង និងប្រព័ន្ធព្រមានជាមុនឱ្យកាន់តែរឹងមាំ។ ការការពារព្រៃឈើ ការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងជួយលើកកម្ពស់ជីវភាពសហគមន៍ ដែលមិនត្រឹមតែជាគោលដៅបរិស្ថាន ប៉ុន្តែវាគឺជាការពង្រឹងដល់មូលដ្ឋានសម្រាប់សន្តិសុខជាតិ សន្តិសុខស្បៀង និងសុខភាពសាធារណៈ។
 
ក្រសួងបរិស្ថានចង់ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងពីហានិភ័យ និងដំ​ណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ​ ដើម្បីងាយស្រួលត្រៀមលក្ខណៈទប់ទល់ ព្រោះការប្រែប្រួលអាកាសធាតុ មិនមែនជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់ៗរូប៕

Advertisement

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា