ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យ​ប្រជុំលើកទី៦ នីតិកាលទី៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យ​ប្រជុំលើកទី៦ នីតិកាលទី៧

ព្រះមហាក្សត្រកោតសរសើររដ្ឋសភានិងរដ្ឋាភិបាល ក្នុងឱកាសបើកសម័យ​ប្រជុំលើកទី៦ នីតិកាលទី៧

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យលើ​របៀបវារៈសំខាន់ ចំនួនពីរ គឺ ព្រះរាជសារព្រះមហាក្សត្រ និងរបាយការណ៍សកម្មភាពការងារចុង​ក្រោយរបស់រដ្ឋសភា។

Advertisement

នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំ ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានសម្តែងការ​កោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះរដ្ឋសភា ក្រោមការដឹកនាំ​របស់​សម្តេចប្រធាន ឃួន សុដារី ដែលបានបំពេញភារកិច្ចស្នូលប្រកប​ដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលយ៉ាងច្រើនជា​ឧត្តម​​ប្រយោជន៍ជូនជាតិ​និងប្រជាជន។

ព្រះរាជសារបានគូសរំលេចពីសមិទ្ធផលសំខាន់ៗនាពេលថ្មីៗនេះ រួមមានការអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការផ្តល់​សច្ចាប័ន​​លើអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលជាឧបករណ៍គតិយុត្តិដ៏មានសារៈសំខាន់​ក្នុងការ​បណ្តុះស្មារតី​ស្នេហាជាតិដល់យុវជន និងពង្រឹងខឿនការពារអធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងដែនសមុទ្រកម្ពុជា។ ទន្ទឹមនឹងនេះ ព្រះករុណា ក៏បានកោតសរសើរសមាជិករដ្ឋសភា ដែលបានចុះជួបពលរដ្ឋផ្ទាល់ និងរួមចំណែកសហការការពារ​ព្រំដែន​ដោយ​សន្តិវិធី។

ជាមួយគ្នានោះដែរព្រះមហាក្សត្របានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ដែលបានរក្សាយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច តាមរយៈការទាក់​ទាញ​ការវិនិយោគ និងលើកស្ទួយជីវភាពពលរដ្ឋ។ ព្រះអង្គក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការការពារទឹកដី និងអភិវឌ្ឍជាតិដោយយកពលរដ្ឋជាស្នូល។

សូមជម្រាបថា ក្នុងរយៈពេល ៣ខែកន្លងមកនេះ រដ្ឋសភាកម្ពុជាបានបំពេញការងារយ៉ាងសកម្មលើមុខងារនីតិកម្ម ភាពជាតំណាង និងការទូតសភា ដោយក្នុងនោះបានអនុម័តច្បាប់សំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ច្បាប់ស្តីពីការធានា​ទូទាត់លើការទិញថាមពលអគ្គិសនីពីវៀតណាម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ជាដើម៕

ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា