ក្រសួងមហាផ្ទៃសម្រេចបង្កើត "ភូមិរង់ចាំ" ជាផ្លូវការ បន្ទាប់ពីសម្ដេចតេជោប្រសិទ្ធនាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងមហាផ្ទៃសម្រេចបង្កើត "ភូមិរង់ចាំ" ជាផ្លូវការ បន្ទាប់ពីសម្ដេចតេជោប្រសិទ្ធនាម

ក្រសួងមហាផ្ទៃសម្រេចបង្កើត "ភូមិរង់ចាំ" ជាផ្លូវការ បន្ទាប់ពីសម្ដេចតេជោប្រសិទ្ធនាម

ភ្នំពេញ៖ក្រសួងមហាផ្ទៃបានសម្រេចបង្កើតភូមិថ្មីចំនួន៦បន្ថែមទៀតនៃខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះជា”ភូមិរង់ចាំ”ដោយ​បំបែកចេញពីភូមិស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរដ្ឋបាល និងបង្កើនភាពងាយ​ស្រួលក្នុងការផ្តល់ សេវា សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ជាការកត់សម្គាល់ការសម្រេចបង្កើតភូមិរង់ចាំ បានកើត​ឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទៅកាន់ទីនោះនិងបានប្រសិទ្ធនាមទីនោះថា “ភូមិរង់ចាំ”។

Advertisement

ក្នុងប្រកាសស្តីពីការបង្កើតភូមិនៃខេត្តបន្ទាយមានជ័យរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃពុធទី១ ខែកក្កដា ឆ្នាំ២០២៦
បាន​បញ្ជាក់​ថា យោងតាមសំណើរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ភូមិថ្មីទាំង ៦ ដែលត្រូវបានបង្កើតឡើង រួមមាន៖ ភូមិរង់ចាំ១, ភូមិរង់ចាំ២, ភូមិរង់ចាំ៣, ភូមិរង់ចាំ៤, ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦។ ភូមិរង់ចាំទាំង ៦ នេះ គឺត្រូវបំបែកចេញពី​ភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានបញ្ជាក់ក្នុងប្រកាសដដែលនេះថា​ចំពោះការ​រៀបចំរចនា​សម្ព័ន្ធគ្រប់គ្រងភូមិបង្កើតថ្មីទាំងនេះ ត្រូវអនុវត្តទៅតាមបែបបទ និងនីតិវិធីច្បាប់ជាធរមាន ក្នុងការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការតែងតាំងជំនួយការ រួមទាំងការកំណត់តួនាទីភារកិច្ច និងរបៀបរបបធ្វើការងារឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះក្រសួងមហាផ្ទៃ ក៏បានបង្គាប់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល អាជ្ញាធរដែនដីគ្រប់​លំដាប់ថ្នាក់ចាប់ពីអភិបាលខេត្តបន្ទាយមានជ័យ រហូតដល់មេឃុំស្លក្រាម ត្រូវទទួលបន្ទុកអនុវត្តសេចក្តីប្រកាសនេះ ឱ្យមាន​ប្រសិទ្ធភាពខ្ពស់ ។

ទាក់ទងនឹងភូមិរង់ចាំនេះដែរ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ ​​សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី​បានអញ្ជើញ​សាកសួរសុខទុក្ខ​ពលរដ្ឋភៀសសឹកជាង២.០០០នាក់ នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។នៅទីនោះ​សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យដាក់ឈ្មោះមជ្ឈមណ្ឌលជនភៀសសឹក នៅ​ភូមិស្លក្រាម ឃុំស្ល្រក្រាម ស្រុក​ស្វាយ​ចេក ថា«ភូមិរង់ចាំ»។ខណៈនោះសម្ដេចតេជោបានពន្យល់ពីបំណងនេះថា «ខ្ញុំ​សំណូមពរដូច្នេះ យើងមិន​មែន​ធ្វើ​ភូមិនេះហើយ យើង​បោះ​បង់ចោល​ការ​ទាម​ទារ​ដីរបស់​យើង​ទេ។ ភូមិនេះ ខ្ញុំសូម​ស្នើ​ដាក់​ថា​ជា​ភូមិរង់ចាំ។ដីរបស់​យើង យើងត្រូវទាមទារ​ត្រឡប់មក​វិញ​»​។
សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាក់ជូនជន​ភៀសសឹក​ថា កម្ពុជាបាន​ជ្រើសរើស​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ជាជាង​ការ​ប្រើ​កម្លាំងដែល​បង្កផល​ប៉ះពាល់​ដល់​អាយុជីវិត​កងទ័ព និង​ប្រជាពលរដ្ឋ​ស្លូតត្រង់។

សូមបញ្ជាក់ថា​ មជ្ឈមណ្ឌលជនភៀសសឹកនៅភូមិស្លក្រាម គឺជាទីតាំងមួយដែលរាជរដ្ឋាភិបាលបានជ្រើស​រើស​ដើម្បីរៀប​ចំ​ផ្ទះសម្បែងបណ្តោះអាសន្ន ជូន​ពលរដ្ឋមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន ដែលត្រូវថៃឈ្លានពាន និងកាប់កាន់​យក​ដី និងផ្ទះសម្បែង។ បើតាមរបាយការណ៍ពីអភិបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននៅទីតាំងនេះមានពលរដ្ឋជាង ៣ ៣០០​គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ន​៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា