ការជួសជុលកាំជណ្ដើរប្រាសាទនាគព័ន្ធ ដោយប្រើថ្មបាយក្រៀម​បុរាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការជួសជុលកាំជណ្ដើរប្រាសាទនាគព័ន្ធ ដោយប្រើថ្មបាយក្រៀម​បុរាណ

ការជួសជុលកាំជណ្ដើរប្រាសាទនាគព័ន្ធ ដោយប្រើថ្មបាយក្រៀម​បុរាណ

ភ្នំពេញ៖អាជ្ញាធរជាតិអប្សរា បាននិងកំពុងសម្រុកដឹកជញ្ជូន​ដុំថ្ម​បាយ​ក្រៀម និងថ្មភក់បុរាណជាច្រើនដុំ ដែលមានទម្ងន់ធ្ងន់ៗ ទៅកាន់ ទីតាំងប្រាសាទនាគព័ន្ធ ដើម្បីដំណើរការគម្រោងជួសជុល​ពង្រឹងកាំ​ជណ្តើរឡើង-ចុះ ផ្នែកខាងលិច ក្នុងដំណាក់កាលទី២ ឱ្យមាន ភាពរឹងមាំ និងរក្សាបាននូវទម្រង់ដើមឡើងវិញ។

Advertisement

ការងារដ៏លំបាកនេះ ត្រូវបានលោក អ៊ិត ស្រេង អ្នកបច្ចេកទេស​គ្រប់គ្រងការដ្ឋាន និងបុរាណវិទ្យា ឱ្យដឹងថា ក្រុមការងារត្រូវ​ប្រើប្រាស់កម្លាំងកម្មករចំនួន ១២នាក់ ដើម្បីជញ្ជូនដុំថ្មដែលក្នុង​មួយដុំៗមានទម្ងន់ចាប់ពី ៥០០ ទៅ ៦០០គីឡូក្រាម ដោយត្រូ​វឆ្លង​កាត់ពីរដំណាក់កាលយ៉ាងសម្រិតសម្រាំង។

ដំណាក់កាលទីមួយ គឺការផ្ទុកដុំថ្មទម្ងន់ចាប់ពី ១តោនក្នុងមួយជើង លើទូកពីរគ្រឿងចងភ្ជាប់គ្នា រួចអុំបណ្តែតកាត់ទឹក​បារាយណ៍​ជិត ៤០០​ម៉ែត្រ សំដៅមកកាន់កោះប្រាសាទនាគព័ន្ធ មុននឹងប្រើឧបករណ៍​កៅឡាក់យោងឡើងគោក។ បន្ទាប់មកចូលដល់​ដំណាក់​កាលទីពីរ ក្រុមការងារត្រូវលើកដុំថ្មធំៗទាំងនោះ ដាក់លើរទេះរុញ រួចប្រើកម្លាំង​មនុស្សសុទ្ធសាធដើម្បីអូសទាញ​ក្នុង​ចម្ងាយផ្លូវប្រមាណ ៣០០ម៉ែត្រ​បន្ថែមទៀត ទើបដល់ទីតាំងជួសជុល។

ប្រភពដដែលបន្តថា ដោយសារតែដុំថ្មនីមួយៗមានទម្ងន់ធ្ងន់ខ្លាំង ការងារនេះទាមទារឱ្យក្រុមកម្មករមានភាពអត់ធ្មត់ខ្ពស់ មាន​សាមគ្គីភាព និងត្រូវមានបច្ចេកទេសច្បាស់លាស់បំផុត ដើម្បី​ធានាសុវត្ថិភាពមនុស្សផង និងការពារកុំឱ្យមានការប៉ះពាល់ខូច​ខាត​ដល់តួថ្មបុរាណផងដែរ។

គួរជម្រាបថា សកម្មភាពដឹកជញ្ជូនថ្មនេះ បានចាប់ផ្តើមតាំងពី​ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ មកម៉្លេះ ដោយក្នុងមួយ​ថ្ងៃៗ​អាចដឹកបានចំនួន ៨ដុំ ហើយគិតត្រឹមពេលនេះសម្រេចបានចំនួន ៥០ដុំហើយ។ តាមការប៉ាន់ស្មាន ក្រុមការងារអាចនឹង​ត្រូវចំណាយ​ពេលសរុបជាង ២ខែ ទើបអាចដឹកជញ្ជូនថ្មបានគ្រប់ចំនួន តាមតម្រូវ​ការនៃការដ្ឋានជួសជុលទាំងមូល៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា