អំណឹះតទៅ ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណដោយមិនបាច់វិលត្រឡប់ទៅស្រុកកំណើត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អំណឹះតទៅ ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណដោយមិនបាច់វិលត្រឡប់ទៅស្រុកកំណើត

អំណឹះតទៅ ពលរដ្ឋចំណាកស្រុកអាចធ្វើអត្តសញ្ញាណបណ្ណដោយមិនបាច់វិលត្រឡប់ទៅស្រុកកំណើត

ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យអនុវត្តយន្តការថ្មីមួយពាក់ព័ន្ធការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក រួមទាំងសិស្ស និស្សិតផងដែរ។ យន្តការថ្មីនេះមាន​ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ កាត់បន្ថយនីតិវិធី និងសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ និយោជិត និងពលករចំណាកស្រុក ដែលកំពុងរស់នៅឆ្ងាយពីលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន។
 
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលកំពុងធ្វើការ ប្រកបមុខរបរ ឬសិក្សានៅក្រៅរាជធានី-ខេត្តនៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន អាចស្នើសុំធ្វើ ឬបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្តណាមួយក៏បាន ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតដូចមុនឡើយ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៥មិថុនា។
 
វិធានការនេះនឹងផ្តល់អត្ថប្រយោជន៍ធំធេងសម្រាប់ពលកររាប់សែននាក់ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេសនានាទូទាំងប្រទេស ក៏ដូចជាសិស្ស និស្សិត ដែលកំពុងសិក្សានៅរាជធានី ខេត្ត ឆ្ងាយពីផ្ទះផងដែរ។ ចាប់ពីពលនេះតទៅ ពួកគាត់មិនចាំបាច់ចំណាយពេលវេលា និងថវិកាធ្វើដំណើរទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណនៅស្រុកកំណើតទៀតឡើយ។
 
ក្រៅពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រាប់បងប្អូនដែលកំពុងស្នាក់នៅ និងធ្វើការនៅភ្នំពេញ ក៏អាចទៅទទួលសេវានេះនៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងខណ្ឌច្បារអំពៅ ឬនៅទីស្នាក់ការផ្តល់អត្តសញ្ញាណបណ្ណ នៅក្នុងផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ និងផ្សារទំនើបអ៊ីអន៣ ខណ្ឌមានជ័យ ផងដែរ។
 
ដើម្បីទទួលសេវានេះ ​ប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ ត្រូវភ្ជាប់មកជាមួយនូវសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ព្រមទាំងឯកសារសម្គាល់ការស្នាក់នៅ ដូចជាសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

Advertisement

ដោយឡែកចំពោះប្រជាពលរដ្ឋខ្មែរចំណាកស្រុក ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង ១៨០ថ្ងៃ ត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចាស់នោះជាការស្រេច។ ចំណែកករណីបាត់បង់ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្ដឹងអំពីការបាត់បង់នោះ ហើយករណីខូចខាតត្រូវយកអត្តសញ្ញាណបណ្ណដែលខូចនោះទៅបង្ហាញមន្ត្រីជំនាញ។​

ក្រៅពីនេះ ក្រសួងមហាផ្ទៃបានណែនាំមន្ត្រីចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវពិនិត្យ ផ្ទៀងផ្ទាត់សលាកបត្រស្នើសុំ ជាមួយឯកសារពាក់ព័ន្ធផ្សេងៗឱ្យបានត្រឹមត្រូវ និងធ្វើការសម្ភាស ដើម្បីកំណត់អត្តសញ្ញាណជាពលរដ្ឋខ្មែរឱ្យបានច្បាស់លាស់។
 
ក្រសួងរំលឹកថា មន្ត្រីចុះបញ្ជី និងប្រជាពលរដ្ឋត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះរាល់ព័ត៌មាន ដែលបានចុះបញ្ជី និងការផ្តល់ព័ត៌មានក្លែងក្លាយ ឬឯកសារក្លែងក្លាយដោយចេតនា។ សម្រាប់ព័ត៌មានផ្សេងៗ លោកអ្នកអាចទាក់ទងទៅកាន់លេខ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា