វិភាគ ៖ ថៃបន្តបំប៉ោងរឿងឆបោកអនឡាញ ដើម្បីបង្វែរដានពីការឈ្លានពានកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិភាគ ៖ ថៃបន្តបំប៉ោងរឿងឆបោកអនឡាញ ដើម្បីបង្វែរដានពីការឈ្លានពានកម្ពុជា

វិភាគ ៖ ថៃបន្តបំប៉ោងរឿងឆបោកអនឡាញ ដើម្បីបង្វែរដានពីការឈ្លានពានកម្ពុជា

អ្នកវិភាគ បានលើកឡើងថា ការដែលភាគីថៃព្យាយាមផ្សាយបំប៉ោង និងផ្ដោតខ្លាំងលើបញ្ហាបទល្មើសបច្ចេកវិទ្យា និងល្បែងអនឡាញនៅព្រំដែន ព្រមទាំងនាំអ្នកកាសែតបរទេសទៅមើលអគារកាស៊ីណូក្នុងទឹកដីកម្ពុជាផង គឺគ្រាន់តែជាល្បិចកលពិសពុលមួយ ដើម្បីបង្វែរអារម្មណ៍សាធារណជនជាតិ និងអន្តរជាតិ ពីទង្វើឈ្លានពានរបស់ខ្លួននៅលើខ្សែបន្ទាត់ព្រំដែនតែប៉ុណ្ណោះ។

Advertisement

ម្តងហើយម្តងទៀត យោធាថៃបាននាំអ្នកសារព័ត៌មានអន្តរជាតិធំៗ ព្រមទាំងអ្នកសារព័ត៌មានថៃ ចូលទៅតំបន់កាស៊ីណូនៅតាមបណ្តោយព្រំដែនកម្ពុជា ដើម្បីរាយការណ៍ពីអ្វីដែលត្រូវបានយោថៃថាបង្ហាញថា ជាទីតាំងធ្លាប់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ សកម្មភាពទាំងនេះធ្វើឡើង ស្របពេលដែលប្រទេសថៃខ្លួនឯង កំពុងរួមរឹតដោយបទល្មើសឆបោកអនឡាញ។

ថ្មីៗនេះ ភ្នាក់ងារសារព័ត៌មានល្បីឈ្មោះរបស់អូស្ត្រាលី ABC ត្រូវបានយោធាថៃនាំចូលទៅពិនិត្យមើលស្ថានភាពផ្ទាល់នៅខាងក្នុងអតីតកាស៊ីណូមួយនៅស្រុកអូស្មាច់ ខេត្តបន្ទាយមានជ័យ ដោយទាហានថៃអះអាងថាធ្លាប់ប្រើប្រាស់ដោយក្រុមឆបោកអនឡាញ។ ការចូលរាយការណ៍លើដីខ្មែរដោយគ្មានការអនុញ្ញាត ហើយក៏មិនហានបញ្ជាក់ទីតាំងច្បាស់លាស់នេះ ត្រូវបានឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ចាត់ទុកថាជាការរំលោភលើដែនអធិបតេយ្យកម្ពុជា និងជាការបំពានធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានវាយតម្លៃថា សកម្មភាពរបស់ភាគីថៃក្នុងការនាំប្រព័ន្ធផ្សព្វផ្សាយដែលមានឥទ្ធិពលលោកខាងលិចចុះទៅកាន់តំបន់ព្រំដែននោះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្របង្វែរទិស ដើម្បីបំភាន់ និងគ្រប់គ្រងការយល់ឃើញរបស់អន្តរជាតិ។

លោកបណ្ឌិតបានពន្យល់ថា យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងបំណងបង្ហាញទៅកាន់ប្រជាជនខ្លួន និងសហគមន៍អន្តរជាតិថា រដ្ឋាភិបាលថៃជាជនរងគ្រោះ និងជាអ្នកឈានមុខក្នុងការបង្ក្រាបបទល្មើសឆបោកអនឡាញ ដោយទម្លាក់កំហុសថាបញ្ហាទាំងឡាយមានប្រភពចេញពីប្រទេសជិតខាង។

នៅក្នុងបរិបទនៃវិវាទព្រំដែន លោកបណ្ឌិតបានកត់សម្គាល់ថា ការបង្កើតសាច់រឿងថ្មីនេះ គឺជារឿងចាំបាច់សម្រាប់រដ្ឋាភិបាល និងយោធាថៃ ក្នុងការបង្វែរការយកចិត្តទុកដាក់របស់ពិភពលោក ពីបញ្ហាវិវាទលើដែនអធិបតេយ្យភាព មកជាបញ្ហាសន្តិសុខមនុស្សជាតិ និងបទល្មើសឆ្លងដែនវិញ។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ជាទូទៅ អ្នកសារព័ត៌មានអន្តរជាតិដែលចុះមកយកព័ត៌មានក្នុងរយៈពេលខ្លី មិនបានយល់ស៊ីជម្រៅពីប្រវត្តិសាស្ត្រព្រំដែន ឬភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញរវាងកម្ពុជា-ថៃឡើយ ហេតុនេះពួកគេងាយនឹងធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មាន ដែលត្រូវបានរៀបចំទុកជាមុនដោយយោធាថៃ។ ស្ថាប័នព័ត៌មានអន្តរជាតិទាំងនោះ បានក្លាយជាឧបករណ៍ឃោសនាដោយអចេតនា ឱ្យយោធាថៃ ក្នុងការវាយប្រហារលើកម្ពុជា និងពង្រឹងភាពស្របច្បាប់របស់ថៃនៅលើតំបន់ដែលមានវិវាទទៅវិញ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ស្ថាប័នសារព័ត៌មានបរទេសគួរតែប្រកាន់ខ្ជាប់នូវគោលការណ៍ផ្ទៀងផ្ទាត់ប្រភពព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបណ្ឌិតបានបង្ហាញការសោកស្តាយចំពោះករណីដែលស្ថាប័នសារព័ត៌មាន ABC ធ្វើសេចក្តីរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងទឹកដីកម្ពុជា តែបែរជាមិនបានទំនាក់ទំនងសាកសួរប្រភពពីភាគីកម្ពុជាទៅវិញ។ ផ្ទុយទៅវិញ ប្រទេសថៃដែលរងការចោទប្រកាន់ថាជាប្រភពនៃការបង្ហូរជនឆបោកអនឡាញចូលមកកម្ពុជា បែរជាយកលេសនៃការបង្ក្រាបបទល្មើសទាំងនេះ ដើម្បីរំលោភបំពាន និងឈ្លានពានទឹកដីកម្ពុជា។

បើតាមអ្នកជំនាញរូបនេះ ស្ថាប័នជាតិពាក់ព័ន្ធរបស់កម្ពុជា ចាំបាច់ត្រូវតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទង្វើនេះ ខណៈសហគមន៍អន្តរជាតិ ពិសេសអ្នកសារព័ត៌មានអាជីព ក៏ត្រូវតែមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើរាល់ឯកសារ ឬភស្តុតាងនានា ដោយមិនត្រូវមានភាពលម្អៀងឡើយ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា