បង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីជួយប្រជាកសិករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីជួយប្រជាកសិករ

បង្កើត «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីជួយប្រជាកសិករ

ភ្នំពេញ៖ យន្តការថ្មីមួយក្នុងវិស័យកសិកម្ម គឺ«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងគាំទ្រដល់សហគមន៍កសិកម្មទំនើបទូទាំងប្រទេស។

Advertisement

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានខិតខំពង្រឹង ពង្រីក និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តអភិវឌ្ឍបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើប» ដែលទទួលបានការស្ម័គ្រចិត្តចូលរួមគាំទ្រពីសំណាក់សហគមន៍កសិកម្មទំនើបចំនួន ៣២។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ទាំងអស់ ត្រូវគិតគូរពីផលប្រយោជន៍រួម ដើម្បីទទួលបានផលចំណេញរួមគ្នា ដោយឈរលើគោលការណ៍ស្មោះត្រង់ បង្កើនទំនុកចិត្ត អភិបាលកិច្ចល្អ និងការជឿជាក់គ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា