កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និង AOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និង AOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ

កម្ពុជា ប្ដឹងទៅហ្វីលីពីនជុំវិញករណីកងកម្លាំង និង AOT ថៃចូលដែនអធិបតេយ្យភាពខ្មែរនៅតំបន់ប្រាសាទខ្នារ

ភ្នំពេញ ៖ អគ្គមេបញ្ជាការកម្ពុជា បានប្តឹងទៅកាន់អគ្គសេនាធិការកងទ័ព ហ្វីលីពីន អំពីទង្វើមិនសមរម្យរបស់ភាគីថៃ ដែលបានដឹកនាំ ក្រុមអ្នក សង្កេតការអាស៊ាន AOT ប្រចាំប្រទេសថៃ រំលោភចូលតំបន់ប្រាសាទ ខ្នារទឹកដីកម្ពុជាដោយគ្មានការជូនដំណឹង។

Advertisement

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ បានផ្ញើលិខិតផ្លូវការមួយច្បាប់ទៅកាន់ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកង ទ័ពហ្វីលីពីនកាលពីថ្ងៃទី ៣០ មិថុនា ដើម្បីប្តឹងនិងសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ ដែលបានរំលោភចូលដែនអធិបតេយ្យភាព របស់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKP។

យោងតាមលិខិតផ្លូវការឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ព្រឹត្តិការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ដោយសមាជិកក្រុម AOT ប្រចាំប្រទេសថៃ អមដោយ កងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាព របស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីធ្វើសកម្មភាពដាំកូនឈើដោយ គ្មានការជូនដំណឹងជាមុន ឬមានការសហការជាមួយភាគីកម្ពុជានៅ កម្រិតណាមួយឡើយ។

ឯកឧត្តមអគ្គមេបញ្ជាការបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទតែង តែអនុវត្ត រាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបាន ជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ ជាមួយគ្នានោះ ភាគីកម្ពុក៏បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ប្រាសាទខ្នារនេះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចមានបង្ហាញក្នុងផែនទីភ្ជាប់ជាឧបសម្ព័ន្ធ “ខ” ប៉ុន្តែក្រុម AOT ប្រចាំប្រទេសថៃ និងកងកម្លាំងប្រដាប់អាវុធ នៅតែបន្តចូលមកដោយ មិនបានសុំការយល់ព្រម។

កងយោធពលខេមរភូមិន្ទចាត់ទុកថា សកម្មភាពឯកតោភាគីទាំងនេះ គឺមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើត យន្តការក្រុម AOT នោះឡើយ។ រាល់សកម្មភាពដែលធ្វើឡើង ហួសពីដែនសមត្ថកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែន អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបាន ខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំ ប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT , ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើសុំការគាំទ្រពីអគ្គសេនាធិការកងទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញចំពោះ សកម្មភាពខាងលើ និងធានាថា នាយទាហាននៃក្រុម AOT ទាំងអស់ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោង (TOR) ដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពក្នុងបេសកកម្ម។

ទោះជាមានបញ្ហានេះកើតឡើងក៏ដោយ ឯកឧត្តម វង្ស ពិសេន បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និទ្ធជាមួយ កងទ័ព ហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ៕
ដោយ៖ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា