អ្នកជំនាញថា ថៃប្រើអនុសញ្ញា UNCLOS ជាលេសផ្អាកកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថា ថៃប្រើអនុសញ្ញា UNCLOS ជាលេសផ្អាកកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជា

អ្នកជំនាញថា ថៃប្រើអនុសញ្ញា UNCLOS ជាលេសផ្អាកកិច្ចប្រជុំ JBC ដើម្បីបន្តកាន់កាប់ទឹកដីកម្ពុជា

អស់ពីយកលេសថាមិនទាន់មានរដ្ឋាភិបាលថ្មី ពេលនេះថៃប្រើលេសថាមកពីកម្ពុជាយកវិវាទសមុទ្រទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ទើបធ្វើឲ្យថៃផ្អាកការចរចាររឿងព្រំដែនគោកជាមួយកម្ពុជា។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានលើកឡើងបែបមូលបង្កាច់ថា កម្ពុជាមិនចង់បន្តការពិភាក្សាទ្វេភាគីលើបញ្ហាព្រំដែនសមុទ្រទេ ខណៈដែលថៃខ្លួនឯងជាអ្នកលប់ចោលយន្តការចរចារទ្វេភាគីតែមួយគត់ គឺ MoU 2001។ កម្ពុជាបានរិះគន់ភាពក្រឡិចក្រឡុចរបស់ថៃ។
 
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានប្រាប់បណ្តាញព័ត៌មាន AMS ថា អនុសញ្ញាច្បាប់សមុទ្រ UNCLOS គឺសម្រាប់ដោះស្រាយតែវិវាទតាមសមុទ្រប៉ុណ្ណោះ ដូច្នេះ មិនត្រូវយកមកធ្វើជាឧបសគ្គរារាំងដល់ការចរចាព្រំដែនដីគោកឡើយ ព្រោះរឿងទាំងពីរនេះដាច់ដោយឡែកពីគ្នាទាំងស្រុង។
 
លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា  ការគេចវេសពីការចូលរួមកិច្ចប្រជុំ JBC របស់ភាគីថៃ គឺគ្រាន់តែជាលេសនយោបាយដើម្បីបន្តគ្រប់គ្រង និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប៉ុណ្ណោះ។
 
ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា ការបង្កើតលេសដើម្បីបង្អាក់កិច្ចប្រជុំ JBC នេះ គឺគ្រាន់តែជាយុទ្ធសាស្ត្របង្វែរដាន ដើម្បីគេចវេសពីការដេញដោលរបស់សហគមន៍អន្តរជាតិ ជុំវិញសកម្មភាពសាងសង់សំណង់ខុសច្បាប់នានានៅតាមព្រំដែន។ និយាយឱ្យចំ នេះជាការបង្កបញ្ហាថ្មី ដើម្បីលុបលាង និងបិទបាំងកំហុសចាស់ដែលខ្លួនបានប្រព្រឹត្តតែប៉ុណ្ណោះ។
 
ម្យ៉ាងទៀត ប្រទេសថៃបច្ចុប្បន្នកំពុងជួបប្រទះវិបត្តិនយោបាយ និងសេដ្ឋកិច្ចផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះនេះគ្រាន់តែជាការសម្តែងឈុតឆាកនយោបាយដើម្បីបង្វែរការចាប់អារម្មណ៍ពីភាពទាល់ច្រករបស់រដ្ឋាភិបាលថ្មី និងដើម្បីប្រជាប្រិយភាព និងស្ថិរភាពស្ថិរភាពអំណាចរបស់ខ្លួន។
 
ដោយឡែក លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា ប្រទេសថៃទំនងបារម្ភខ្លាំងពីការបាត់បង់ផលប្រយោជន៍លើវិវាទសមុទ្រ ទើបពួកគេព្យាយាមយក «រឿងព្រំដែនដីគោក» ធ្វើជាចំណាប់ខ្មាំងដើម្បីកៀបសង្កត់កម្ពុជា។ ការព្រួយបារម្ភនេះ កើតឡើងដោយសារថៃមិនទាន់ភ្លេចនូវមេរៀនចាញ់ក្តីកម្ពុជានៅតុលាការអន្តរជាតិ (ICJ) លើករណីប្រាសាទព្រះវិហារ និងខ្លាចចាញ់ក្តីជាថ្មីម្តងទៀតនៅក្នុងសមរភូមិផ្លូវច្បាប់មួយនេះ។​
 
ទោះបីយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានលើកឡើងថា ប្រសិនបើកម្ពុជាផ្លាស់ប្តូរជំហរ​ ដូចជាកាត់បន្ថយ ឬបញ្ឈប់ការរិះគន់មកលើប្រទេសថៃលើឆាកអន្តរជាតិ នោះអាចជាវិធានការមួយសម្រាប់កសាងទំនុកចិត្ត និងអាចនាំឱ្យប្រទេសថៃពិចារណាបន្តការចរចា JBC ឡើងវិញ។ ត្រង់ចំណុចនេះ ប្រមុខការទូតកម្ពុជាធ្លាប់បានបញ្ជាក់ហើយថា  បើចង់ឱ្យកម្ពុជាឈប់លើកបញ្ហាឈ្លានពានរបស់ថៃលើឆាកអន្តរជាតិ គឺមិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជា នោះជាការស្រេចទៅហើយ៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា