កម្ពុជា បំពាក់ប្រព័ន្ធ GPS លើសត្វត្រយងចង្កំកស មុនលែងចូលព្រៃធម្មជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បំពាក់ប្រព័ន្ធ GPS លើសត្វត្រយងចង្កំកស មុនលែងចូលព្រៃធម្មជាតិ

កម្ពុជា បំពាក់ប្រព័ន្ធ GPS លើសត្វត្រយងចង្កំកស មុនលែងចូលព្រៃធម្មជាតិ

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបំពាក់ឧបករណ៍តាមដាន (GPS) លើជើងសត្វត្រយងចង្កំកសចំនួន៤ក្បាល មុនលែងចូលទៅជម្រកធម្មជាតិវិញនៅប៉ុន្មានសប្តាហ៍ខាងមុខ។

Advertisement

សត្វត្រយងចង្កំកសទំាង៤ក្បាលនោះ ស្ថិតក្នុងចំណោមសត្វត្រយងចង្កំកសចំនួន៧ក្បាល ដែលបានបង្កាត់ពូជដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌល ACCB ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីឆ្នាំ២០២៥។

អ្នកនាំពាក្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានប្រាប់បណ្តាញព័ត៌មាន AMS ថា សត្វស្លាបទាំងអស់សម្រាប់លែងមានអាយុចន្លោះពីជាង១ឆ្នាំ ទៅជាង៣ឆ្នាំ។ បើតាមអ្នកនាំពាក្យ មុនលែងសត្វស្លាបចូលក្នុងជម្រកធម្មជាតិនៅភាគខាងកើតនៃប្រទេសកម្ពុជាវិញក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ក្រុមការងារបានបំពាក់ឧបករណ៍តាមដាន (GPS)ទៅលើសត្វត្រយងចំនួន១ខែនៅក្នុងទ្រុង ដើម្បីបន្សាំទៅនឹងធម្មជាតិថ្មីរបស់វា។

សត្វត្រយងចង្កំកស គឺជាសត្វដំបូងគេក្នុងចំណោមសត្វអភិរក្សនៅក្នុងមជ្ឈមណ្ឌលអង្គរ ដែលត្រូវបានបំពាក់ GPS។ ឧបករណ៍នេះគឺជាជំនួយរបស់សាធារណរដ្ឋឆែកប្រគល់ឱ្យមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះកាលពីដើមខែមិថុនា។ GPS នឹងជួយឲ្យអ្នកវិទ្យាសាស្ត្រអាចតាមដានជាប់ជាប្រចាំពីការរស់នៅរបស់វា និងអាចដឹងពីស្ថានភាពនានាបន្ទាប់ពីសត្វត្រូវបានដោះលែង។

ក្នុងឆ្នាំ២០២២ សត្វត្រយងចង្កំកស មានវត្តមាននៅក្នុងប្រទេសកម្ពុជាចំនួន ៧៩២ក្បាល ពោលច្រើនជាងគេនៅលើពិភពលោក ដែលមានសរុបប្រមាណតែ ១ ០០០ក្បាលប៉ុណ្ណោះ។

ត្រយងចង្កំកស ជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ចុះក្នុងបញ្ជីក្រហម IUCN និងរងការគំរាមកំហែងនានាដូចជាការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ទីជម្រក។

នៅប្រទេសកម្ពុជា ពួកវាច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង តំបន់ទំនាប និងបឹងទន្លេសាប។

សត្វត្រយងចង្គំកស គឺជាប្រភេទសត្វសំខាន់ និងជានិមិត្តរូបរបស់តំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា។ វាបានចូលរួមបង្កើនចំណូលពីទេសចរណ៍ធម្មជាតិដ៏សំខាន់សម្រាប់សហគមន៍ត្មាតប៉ោយ ខេត្តព្រះវិហារ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា