អាជ្ញាធរ រកឃើញទំនិញខុសច្បាប់ ៣០០តោននាំចូលពីថៃ នៅឆមាសទី១ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរ រកឃើញទំនិញខុសច្បាប់ ៣០០តោននាំចូលពីថៃ នៅឆមាសទី១ឆ្នាំនេះ

អាជ្ញាធរ រកឃើញទំនិញខុសច្បាប់ ៣០០តោននាំចូលពីថៃ នៅឆមាសទី១ឆ្នាំនេះ

សាច់បង្កក ទំនិញក្លាសេ និងម្ហូបអាហារវេចខ្ចប់ នាំចូលពីប្រទេសថៃដោយខុសច្បាប់សរុប ៣០០តោន ត្រូវបានកម្លាំងចម្រុះរាជធានីភ្នំពេញរកឃើញនៅក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកទំនិញនានា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន AMS ទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
 
លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) បានប្រាប់ AMS នៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងប្រតិបត្តិការបង្ក្រាបទំនិញខុសច្បាប់ពីប្រទេសថៃកន្លងមក អាជ្ញាធររាជធានីភ្នំពេញបានចុះត្រួតពិនិត្យចំនួន ៦៧ទីតាំង និងបានរកឃើញទំនិញនាំចូលជាង ៣ពាន់តោន ភាគច្រើននាំចូលពីថៃ។
 
ប៉ុន្តែ បើតាមលោក គឹម មាសសុខសីហា ក្នុងចំណោមទំនិញចម្រុះទាំងជាង ៣ពាន់តោននោះ សុទ្ធតែមានឯកសារ និងបំពេញនីតិវិធីត្រឹមត្រូវ លើកលែងតែទំនិញជាង ៣០០តោននៅក្នុងទីតាំងស្តុកចំនួនពីរ ក្នុងខ័ណ្ឌឬស្សីកែវ និងខ័ណ្ឌព្រែកព្នៅប៉ុណ្ណោះ ដែលនាំចូលពីថៃដោយខុសច្បាប់។
 
វិធានការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃយ៉ាងក្ដៅគកុកកន្លងមក បានធ្វើឡើងបន្ទាប់ពីមានការបញ្ជាដោយផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
 
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច ចាត់ទុកការចុះបង្ក្រាបទំនិញតាមឃ្លាំង គឺជាគោលការណ៍ម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ។ លោកយល់ឃើញថា ទាំងការបង្រ្កាបទំនិញនាំចូលខុសច្បាប់ពីថៃ ក៏ដូចជាការបង្រ្កាបការឆបោកតាមអនឡាញ គឺជាយន្តការមួយនៃកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាពជាងមុន។
 
បើតាមលោក គឹម មាសសុខសីហា ក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកសាច់បង្កក រយៈពេល ៦ខែ មកនេះ សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យនៅតាមផ្សារ ម៉ាត និងតូបលក់ទំនិញចំនួន ១ ៣១២ទីតាំង ដោយបានរកឃើញនិងដកហូតទំនិញមិនមានអនុលោមភាពជាង ១ ៧០០គីឡូក្រាម។ លោកបន្តថា ក្រោយដកហូត សមត្ថកិច្ចជំនាញ ក៏បានយកទំនិញទាំងអស់នោះ ទៅកម្ទេចចោលតាមនីតិវិធី។
 
ដោយឡែក ជនសង្ស័យចំនួន ១៦នាក់ត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះ ជនសង្ស័យ ៩នាក់ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទក្លែងបន្លំដើមកំណើតទំនិញ នាំចូលទំនិញដោយគ្មានការអនុញ្ញាត និងធ្វើពាណិជ្ជកម្មផលិតផលម្ហូបអាហារដែលប៉ះពាល់ដល់សុខភាព៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា