កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ

កម្ពុជាហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការហាមឃាត់ការនាំចូលទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ក្នុងគោលដៅធានាខ្សែច្រវាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ និងលើកកម្ព​ស់ភា​ពប្រកួតប្រជែង។​
 
នៅក្នុងសេចក្ដីប្រកាសអន្តរក្រសួងចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រសួងទាំង៣ពន្យល់ថា ទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ គឺសំដៅដល់ទំនិញដែលជីក ឬទាញយក​ ផលិត ឬផលិតទាំងស្រុង ឬផ្នែកណាមួយ ដោយប្រើប្រាស់​ការងារដោយបង្ខំ។ ចំណែកការ​ងារដោយបង្ខំ សំដៅដល់រាល់ការងារ ឬសេវាកម្មណា ដែលតម្រូវពីជនណាម្នាក់ដោយការគំរាមកំហែង ថានឹងដាក់ទណ្ឌកម្មណាមួយ ហើយដែលជននោះមិនបានស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ដូចមានចែងក្នុងច្បាប់ស្តីពីការងារ។
 
យោងតាមសេចក្ដីប្រកាសរួមដដែល ក្រុមការងារអន្តរក្រសួង​មួយត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ត្រួតពិនិត្យទំនិញ ដែលត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងការងារដោយបង្ខំនេះ។
 
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានប្រាប់បណ្ដាញព័ត៌មាន AMS ថាការសម្រេចនេះ គឺគ្របដណ្តប់គ្រប់ទំនិញទាំងអស់ដែលនាំចូលពីក្រៅប្រទេសប្រសិនបើរកឃើញថាជាប់ពាក់ព័ន្ធនឹងការងារដោយបង្ខំ។
 
 
សូមបញ្ជាក់ថា អ្នកនាំចូលដែលត្រូវបានសង្ស័យថាមានទំនិញពាក់ព័ន្ធនឹងការងារដោយបង្ខំ ត្រូវផ្តល់សេចក្តីបំភ្លឺ ជូនក្រុមការងារអន្តរក្រសួង ក្នុងរយៈពេល១០ថ្ងៃ នៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលបានការជូនដំណឹងអំពីការត្រួតពិនិត្យទំនិញ ដែលត្រូវបានសង្ស័យថាមានពាក់ព័ន្ធនឹងការងារដោយបង្ខំនេះ។
 
ដោយសេចក្តីបំភ្លឺនេះ ត្រូវភ្ជាប់មកជាមួយនូវព័ត៌មាន និងឯកសារចាំបាច់នានា​ ដែលអាចបញ្ជាក់អំពីការមិនពាក់​ព័ន្ធ​នឹងការងារដោយបង្ខំ។ ក្នុងករណីរកឃើញថាទំនិញនាំចូលមានពាក់ព័ន្ធនឹងការងារដោយបង្ខំ ទំនិញនោះត្រូវបានហាមឃាត់នាំចូល ប្រើប្រាស់ ចរាចរ ឬផ្គត់ផ្គង់នៅកម្ពុជា។ សម្រាប់អ្នកនាំចូល ត្រូវទទួលរងវិធានការបន្ថែម ដូចជា ការផ្អាកការធ្វើសកម្មភាពនាំចេញនាំចូល ការផ្អាកការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងវិធានការផ្សេងទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

Advertisement

សេង បារាំង AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា