សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ផ្ទះថ្មីពីរខ្នងជូនគ្រួសារជនងាយរងគ្រោះបំផុតនៅស្រុកបរសេដ្ឋ

ភ្នំពេញ៖ផ្ទះថ្មីចំនួន ២ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម​កម្ពុជា ត្រូវបានប្រគល់ជូនគ្រួសារជនងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីជួយ​សម្រាល ទុក្ខលំបាក និងផ្តល់ជម្រកដ៏កក់ក្តៅ។

Advertisement

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់​ក្រុមការងារ ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្តកំពង់ស្ពឺ ចុះប្រគល់ផ្ទះថ្មីចំនួន ២ខ្នង ជូនដល់គ្រួសារជនងាយរងគ្រោះបំផុត ស្ថិតនៅភូមិព្រៃ​ស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ។

គ្រួសារដែលទទួលបានផ្ទះថ្មីមាន៖ ទី១ គឺគ្រួសារ លោក ជន ពុត អាយុ ៣៤ឆ្នាំ ជាបុរសពោះម៉ាយទីទ័លក្រ ទទួលបន្ទុកចិញ្ចឹម​កូនតូចៗ ២នាក់ និងទី២ គឺគ្រួសារ លោកយាយ ទន់ ពៅ អាយុ ៦០ឆ្នាំ ជាស្ត្រីម៉េម៉ាយចិញ្ចឹមចៅកំព្រា។ ផ្ទះនីមួយៗមានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីថ្ម ដំបូលស័ង្កសី មានចង្ក្រានបាយ និងបន្ទប់ទឹកស្អាតនៅក្នុងផ្ទះ ដោយចំណាយថវិកា​សាងសង់ចំនួន ៧.៩០០ ដុល្លារអាម៉េរិក ក្នុងមួយខ្នង។

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវព្រះរាជសុវណ្ណីសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍ផ្ដាំផ្ញើនឹករលឹក អាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះម្ចាស់ផ្ទះទាំងពីរ។ ជាមួយគ្នា​នោះ លោកជំទាវអគ្គលេខាធិការ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ថែទាំផ្ទះសម្បែង រស់នៅស្អាត ហូបស្អាត ផឹកទឹកឆ្អិន និងប្រុងប្រយ័ត្នចំពោះបញ្ហាសុខភាព ជាពិសេសការដុតកាកសំណល់ប្លាស្ទិក ដែលបង្កជាផ្សែងពុលប៉ះពាល់​ដល់រាង​កាយ។

ក្រៅពីផ្ទះថ្មី គ្រួសារទាំងពីរក៏ទទួលបានសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ គ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមទាំងថវិកាឧបត្ថម្ភ​បន្ថែម​ចំនួន ៥០ម៉ឺនរៀល ក្នុងមួយគ្រួសារផងដែរ។ មិនតែប៉ុណ្ណោះក្រុមការងារក៏បានឆ្លៀតឱកាសសួរសុខទុក្ខ និងចែកអំណោយ​មនុស្សធម៌ ជូនដល់ជនងាយរងគ្រោះបំផុតចំនួន ២៣គ្រួសារទៀត ដែលបានចូលរួមជាសាក្សី ក្នុងពិធីនោះផងដែរ។

ទង្វើប្រកបដោយសប្បុរសធម៌នេះ បានធ្វើឱ្យគ្រួសារទទួលផលទាំងពីរ រំភើបចិត្តជាខ្លាំងស្ទើរស្រក់ទឹកភ្នែក និងបានគោរពថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ជីវិតថ្មី និងជម្រកដ៏សមរម្យ ដែលពួកគាត់មិនធ្លាប់នឹកស្មានដល់ក្នុងមួយជីវិត៕


ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា