ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុង​វិស័យ​អចលនវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុង​វិស័យ​អចលនវត្ថុ

ឈ្វេងយល់ពីច្បាប់ និងលក្ខខណ្ឌ ក្នុងការប្រកបអាជីវកម្មសេវាកម្មក្នុង​វិស័យ​អចលនវត្ថុ

បច្ចុប្បន្ន អ្នកប្រកបដោយអាជីវកម្មលើសេវាកម្មអចលនវត្ថុនៅកម្ពុជា មាន​ទាំង​ស្រប​ច្បាប់ និងអត់ច្បាប់ ។ អ្វីដែលសំខាន់ការប្រកបអាជីវកម្មសេវាកម្ម​អច​ល​នវត្ថុ​នេះ​ដែរ ក៏អាចធ្វើឱ្យបាត់បង់ទំនុកចិត្តពីសំណាក់អ្នក​វិនិយោគ​ផងដែរ​។
តើការប្រកបអាជីវកម្មសេវាកម្មក្នុងវិស័យអចលនវត្ថុនៅកម្ពុជាឱ្យបានត្រឹមត្រូវស្របច្បាប់ ត្រូវមានលក្ខខណ្ឌអ្វីខ្លះ? ។

Advertisement

លោកបណ្ឌិត ឆាក់ លឹមឈាង មេធាវីមកពីការិយាល័យមេធាវីរឹទ្ធស័ក្ក បាន​បកស្រាយនិងចែករំលែកពីបទប្បញ្ញត្តិអំពី វិជ្ជាជីវៈការប្រកបអាជីវកម្ម​អចលនវត្ថុ​នៅកម្ពុជា។ លោកបានមានប្រសាសន៍ថា វិស័យអចលនវត្ថុនៅកម្ពុជា​បានរួមចំណែកដល់ការទាក់ទាញការវិនិយោគ ក៏ដូចជា ចូលរួមជំរុញកំណើន​សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែដើម្បីធានាបាននូវតម្លាភាព ក៏ដូចជាការ​ប្រកបវិជ្ជាជីវៈប្រកបដោយគុណភាព និងទំនុកចិត្តពីសាធារណជន រាល់ការ​ប្រកបអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ ត្រូវតែមានអនុលោមភាព​ជា​មួយនឹងបទប្បញ្ញតិ្តដែលមានជាធរមាន។

លោកបណ្ឌិត បានឱ្យដឹងទៀតថា រាល់ការធ្វើអាជីវកម្មផ្ដល់សេវាកម្ម​អចលន​វត្ថុនៅកម្ពុជា តម្រូវឱ្យមានការស្នើសុំអាជ្ញាបណ្ណឬវិញ្ញាបនបត្រវិជ្ជាជីវៈ។
លោកបណ្ឌិតបន្តថា អាជ្ញាបណ្ណ ដែលផ្ដល់ជូនចំពោះក្រុមហ៊ុនឬក៏សាខា​ក្រុម​ហ៊ុន មាន ៣ ប្រភេទ រួមមាន ទី១.អាជ្ញាបណ្ណភ្នាក់អចលនវត្ថុ ទី២.អាជ្ញាបណ្ណ​វាយ​តម្លៃ​អចលនវត្ថុ និងទី៣.អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ។ ចំពោះវិញ្ញាបន​បត្រវិជ្ជាជីវៈ ត្រូវបានផ្ដល់ជូនចំពោះរូបវ័ន្តបុគ្គលទាំងឡាយណា​ដែលមាន​គុណ​វុឌ្ឍគ្រប់គ្រាន់ ដូចមានចែងក្នុងប្រការ ១១ នៃប្រកាសលេខ ០៦៤។ ការផ្ដល់​អាជ្ញា​បណ្ណ ឬវិញ្ញាបនបត្រវិជ្ជាជីវៈសម្រាប់ការប្រកបអាជីវកម្មអចលនវត្ថុ គឺស្ថិត​នៅ​ក្រោម​សមត្ថកិច្ចរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។

ទន្ទឹមនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានអំពាវនាវ និងស្នើសុំឱ្យអ្នកប្រកបអាជីវកម្មផ្ដល់សេវា អចលនវត្ថុនៅកម្ពុជា សូមឱ្យស្វែង​រកភាពស្របច្បាប់ ដោយត្រូវដាក់ស្នើសុំអាជ្ញាបណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈឱ្យ​បានគ្រប់គ្នា ដើម្បីផ្ដល់ទំនុកចិត្តដល់វិនិយោគិន ជាពិសេស វិនិយោគបរទេស​ដែលចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សមាគមបានលើកឡើងថា បើសិនជាអ្នកប្រកបដអាជីវកម្មផ្ដល់សេវាកម្ម​អចល​នវត្ថុ​នៅកម្ពុជាភាគច្រើនអត់មានច្បាប់ទម្លាប់ អត់មានអាជ្ញាបណ្ណ ហើយផ្ដល់​សេវា​ដល់អតិថិជន វិនិយោគិន និងនៅពេលអតិថិជនមានបញ្ហា តើគួរដោះ​ស្រាយ​យ៉ាងណា? បើសិនជាករណីនេះ ចេះតែកើតឡើងញឹកញាប់នោះ នឹង​ធ្វើឱ្យវិនិយោគិនទាំងក្នុង និងក្រៅប្រទេសនឹងបាត់ទំនុកចិត្តលែងជឿជាក់លើ​អ្នកផ្ដល់សេវាអចលនវត្ថុនៅកម្ពុជា ។

លោកឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ​កម្ពុជា បានមានប្រសាសន៍ថា ការធ្វើអាជីវកម្មផ្ដល់សេវាអចលនវត្ថុ​មិនមានអាជ្ញា​បណ្ណ ឬមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ គឺជាការធ្វើ​អាជីវកម្ម​ដែល​​មិន​ស្មើភាពគ្នា ហើយវានឹងធ្វើឱ្យបាត់បង់ចំណូលរដ្ឋមួយចំណែកផងដែរ ព្រោះថាអ្នកដែលមានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រត្រឹមត្រូវ គេត្រូវបង់ពន្ធជូនរដ្ឋ​ទៅតាមច្បាប់ ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា