ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ព្រះបដិមាលោកេសូរ រកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវដាក់បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

​ព្រះបដិមាលោកេសូរ ដែលរកឃើញថ្មីនៅប្រាសាទតាព្រហ្ម ត្រូវបានដាក់តាំងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនទស្សនា និងសិក្សាស្វែងយល់។

Advertisement

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៦ នេះតទៅ ក្រោមប្រធានបទ ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម ដោយបានជ្រើសរើសយកសមុច្ច័យចំនួន ២១ ដែលជាគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ (ឬព្រះអវលោកិតេស្វរៈ) មកដាក់តាំងបង្ហាញជូនភ្ញៀវទេសចរ និងសាធារណជនបានទស្សនា។

លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានមានប្រសាសន៍ថា ការដាក់តាំងនេះមានរូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាត មានរូបចម្លាក់ព្រះពុទ្ធអមិតាភៈនៅលើម្រាមជើង និងកជើង និងព្រះហស្តមានកាន់កេតនភណ្ឌផ្សេងៗ ដែលជារបកគំហើញថ្មីពីការធ្វើកំណាយនៅប្រាសាទតាព្រហ្ម។

យោងតាមអាជ្ញាធរអប្សរា បច្ចុប្បន្ន វត្ថុបុរាណទាំងនោះត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដី ឬស្លែរួចរាល់ ហើយត្រូវបានរៀបចំដាក់តាំងពិព័រណ៍ក្នុងរយៈពេល ៦ខែពេញ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

អាជ្ញាធរអប្សរា បានបញ្ជាក់ថា គោលបំណងសំខាន់នៃការតាំងបង្ហាញ ដើម្បីចូលរួមចំណែកផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។

ពិព័ណ៌នេះក៏ដើម្បីបើកឱកាសឱ្យសាធារណជន ភ្ញៀវទេសចរ សិស្ស និងនិស្សិត បានចូលទស្សនា សិក្សាស្វែងយល់កាន់តែច្បាស់អំពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។

អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបញ្ជាក់បន្ថែមថា ពិព័រណ៍នេះនឹងជួយឱ្យសាធារណជនយល់ដឹងកាន់តែស៊ីជម្រៅ អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។

គួររំលឹកផងដែរថា ព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ គឺជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វដែលគេនិយមគោរពបូជាបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ​ជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់រដ្ឋ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា