ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ព្រះមហាក្សត្រអបអរសាទរខួប១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជសារសម្តែងការអបអរសាទរយ៉ាងជ្រាលជ្រៅ ក្នុងឱកាសខួប ១៨ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះគឺជាព្រឹត្តិការប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។

Advertisement

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា បានសព្វព្រះរាជហឫទ័យចេញព្រះរាជសារមួយ ដើម្បីចូលរួមអបអរសាទរខួប១៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាប្រវត្តិសាស្រ្ត ក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៦)។

នៅក្នុងព្រះរាជសារ ព្រះអង្គបានសម្ដែងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ តែងតែយកព្រះទ័យទុកដាក់ជានិច្ចកាលក្នុងការការពារ និងថែរក្សាសម្បត្តិវប្បធម៌ជាតិ ក្រោយពីទទួលរងនូវការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស។

ព្រះមហាក្សត្រ ក៏បានកោតសរសើររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ នាពេលកន្លងមក និង សម្តេចធិបតីនាពេលបច្ចុប្បន្ន ដែលបានប្រើប្រាស់យុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ និងច្បាប់អន្តរជាតិ ដើម្បីការពារ និងធានាឱ្យបាននូវអធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទព្រះវិហារជានិរន្តរ៍។

ជាមួយគ្នានេះ ព្រះអង្គបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិព្រះវិហារ និងគណៈកម្មាធិការ ICC-ព្រះវិហារ ដែលដឹកនាំដោយសហប្រធានជាតំណាងមកពី ឥណ្ឌា និងចិន ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាថែរក្សា និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ។

ព្រះរាជសាររបស់ព្រះអង្គ បានបញ្ជាក់ថា ការចុះបញ្ជីនេះ បានរួមចំណែកជួយថែរក្សា និងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរ គង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា