តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល

តំណាងសិទ្ធិមនុស្ស UN ពិភាក្សាពីការពង្រឹងនីតិរដ្ឋជាមួយអគ្គព្រះរាជអាជ្ញាតុលាការកំពូល

តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី ម៉ាធីលដា ប័ហ្គនើ (Matilda Bogner) បានជួបជាមួយលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល ដើម្បីពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងនីតិរដ្ឋ និងការគ្រប់គ្រងវិស័យយុត្តិធម៌ប្រកបដោយស្មើភាព និងមិនលម្អៀ​ង​នៅកម្ពុជា។
 
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់​កាលថ្ងៃទី៧ ខែកក្កដា ថា ក្នុង​​កិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីអាណត្តិការងារ និងវិស័យនៃកិច្ចសហប្រតិបត្តិការបច្ចេកទេស ដើម្បីគាំទ្រដល់ការសម្រេចបាននូវយុត្តិធម៌ដល់អ្នកការពារសិទ្ធិមនុស្ស និងជួយធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ​»។
 
ជាមួយគ្នានេះដែរ ការពិភាក្សាខាងលើនេះក៏បានលើកឡើងអំពីកំណែទម្រង់ច្បាប់ ការឃុំខ្លួនបណ្តោះអា​សន្ន ភាពចង្អៀតណែនក្នុងពន្ធនាគារ លំហពលរដ្ឋ និងតួនាទីរបស់ស្ថាប័នយុត្តិធម៌ក្នុងការលើកកម្ពស់នីតិរដ្ឋ។ លើសពីនេះ ករណីបុគ្គលមួយចំនួនដែលបានលើកឡើងដោយយន្តការសិទ្ធិមនុស្សអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
 
ចំណែកមហាអយ្យការកំពូលវិញ បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា កិច្ចពិភាក្សាការងារបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីយុត្តិធម៌ ព្រមទាំងការជំរុញកំណែទម្រង់ច្បាប់ ដើម្បីបង្កើនល្បឿនដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ និងមានតម្លាភាព។
 
ភាគីទាំងពីរក៏បានពិភាក្សាអំពីការធានាសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ និងការកាត់បន្ថយភាពណែនណាន់ក្នុងពន្ធនាគារ តាមរយៈវិធានការជំនួសការឃុំខ្លួនស្របតាមច្បាប់។
 
លើសពីនេះ កិច្ចពិភាក្សាបានសង្កត់ធ្ងន់លើការតាមដានការអនុវត្តសេចក្តីសម្រេចពាក់ព័ន្ធការការពារសិទ្ធិស្ត្រី និការងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអំពើហិង្សាលើស្ត្រី និងកុមារ ស្របតាមអនុសាសន៍របស់គណៈកម្មាធិការ CEDAW កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
 
នៅក្នុងកិច្ចពិភាក្សានោះដែរ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការតុលាការកំពូល បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើការងារមនុស្សធម៌ កិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដីស្របតាមច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា រាល់ចំណាត់ការច្បាប់របស់មហាអយ្យ​ការ គឺតែងតែឈរលើតុល្យភាពរវាង «ការរឹតបន្តឹងការអនុវត្តច្បាប់ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម» និង «ការគោរពសិទ្ធិមនុស្សជាមូលដ្ឋានរបស់បុគ្គល»។ លោកជំទាវសង្ឃឹមថា តំណាងសិទ្ធិមនុស្ស UN ថ្មីប្រចាំកម្ពុជានឹងបន្តស្វែងយល់ពីតថភាព ដើម្បីរាយការណ៍ ជូនទៅឧត្តមស្នងការអង្គការសហប្រជាជាតិឱ្យបានជ្រាបកាន់តែច្បាស់ពីស្ថានភាពពិតនៅកម្បុជា៕ ដោយ សេង បារាំង

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា