ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦៖ យុទ្ធសាស្ត្ររុញកសិផលក្នុងស្រុក និងទាក់ទាញទេសចរជាមួយកម្មវិធី «ប៊ូហ្វេទុរេន» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦៖ យុទ្ធសាស្ត្ររុញកសិផលក្នុងស្រុក និងទាក់ទាញទេសចរជាមួយកម្មវិធី «ប៊ូហ្វេទុរេន»

ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦៖ យុទ្ធសាស្ត្ររុញកសិផលក្នុងស្រុក និងទាក់ទាញទេសចរជាមួយកម្មវិធី «ប៊ូហ្វេទុរេន»

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានប្រកាសរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦» រយៈពេល ១០ថ្ងៃពេញ ចាប់ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងគោលបំណងលើកកម្ពស់កសិផលក្នុងស្រុក និងបំផុសចលនាទេសចរណ៍​ជាតិ-អន្តរជាតិ ឱ្យមកកម្សាន្តនៅក្នុងខេត្តដ៏មានសក្កានុពលមួយនេះ។

Advertisement

ពិសេសប្លែកគេគឺអ្នកចូលរួមអាច ញ៉ាំទុរេន និងផ្លែឈើឆ្ងាញ់ៗ «ឥតកំណត់» រយៈពេល ៨០នាទី។នេះបើយោងតាម​ការ​បញ្ជាក់​ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ។កម្មវិធី «ប៊ូហ្វេទុរេន និងផ្លែឈើ» រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា)។

នៅក្នុងកម្មវិធីពិសេសនេះ សាធារណជន និងអ្នកស្នេហាផ្លែឈើទុរេន នឹងមានឱកាសភ្លក្សរសជាតិទុរេនដ៏មានឱជារសផ្អែមឆ្ងាញ់ ព្រមទាំងផ្លែឈើដទៃទៀតជាច្រើនប្រភេទដោយឥតកំណត់ ក្នុងរយៈពេល ៨០នាទីពេញ។ អ្វីដែលជាការជឿជាក់នោះគឺ ផ្លែឈើទាំងអស់ត្រូវបានធានាថា នាំយកមកពីចម្ការរបស់ប្រជាកសិករក្នុងខេត្តបាត់ដំបងផ្ទាល់ ១០០ភាគរយ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បី​ឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ និងភ្លក្សរសជាតិផ្ទាល់នូវផ្លែឈើធម្មជាតិរបស់អ្នកចម្ការ ដូចជា៖ ទុរេន សាវម៉ៅ មង្ឃុត មៀនប៉ៃលិន និងក្រូចពោធិ៍សាត់ជាដើម។

គិតមកទល់ពេលនេះ មានម្ចាស់ចម្ការក្នុងសហគមន៍ជិត ៤០ចម្ការ និងស្តង់ពិព័រណ៍ជាង ៤០ស្តង់ បានចុះឈ្មោះចូលរួម។ ក្នុងនោះ ក៏មានចម្ការដែលទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP) ដែលធានាបាននូវគុណភាព និងសុវត្ថិភាព​ចំណីអាហារជូនដល់អ្នកពិសាផ្ទាល់ផងដែរ»។ លោក ឈឹម វជិរា បញ្ជាក់បន្ថែម។

បាត់ដំបង ជង្រុកកសិផល និងដំណាំយុទ្ធសាស្ត្រឈានមុខខេត្តបាត់ដំបង មិនត្រឹមតែល្បីល្បាញ​ខាងផល​ស្រូវនោះទេ ប៉ុន្តែមានលក្ខណៈភូមិសាស្ត្រអំណោយផលខ្លាំងលើផ្ទៃដីខ្ពង់រាប និងទំនាបសម្រាប់ការធ្វើកសិកម្មចម្រុះ ដោយមាន​ស្រុកសំខាន់ៗ​ជាជង្រុកកសិផលដូចជា ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកកំរៀង និងស្រុកសំពៅលូន។

យោងតាមទិន្នន័យដាំដុះបច្ចុប្បន្ន ខេត្តបាត់ដំបងមានផ្ទៃដីកសិកម្មគួរឱ្យកត់សម្គាល់ក្នុងនេះដំណាំទុរេននៅ​ស្រុកសំឡូតមាន​ផ្ទៃដីដាំដុះប្រមាណ ២,០០០ហិកតា ។ចំណែកស្រុករុក្ខគិរី និងស្រុកកំរៀង មានផ្ទៃដីកំពុងផ្តល់ផលជិត ១,០០០ហិកតា។
រីឯដំណាំយុទ្ធសាស្ត្រផ្សេងទៀត ស្វាយកែវរមៀន ចំនួន១៧.០០០ហិកតា, មៀនប៉ៃលិន ជិត ៦.០០០ហិកតា និងម្នាស់ ជាង ២,០០០ហិកតា។

ដោយឡែកកសិផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI)មានស្រូវអង្ករផ្ការំដួលស្រុកថ្មគោល និងដូងខ្ទិះបាត់ដំបង។

មន្ទីរកសិកម្មខេត្តបានរំពឹងទុកថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងក្លាយជាកម្លាំងចិត្តដ៏ធំធេងជំរុញឱ្យសហគមន៍​កសិករខិតខំ​បង្កើនការ​ដាំដុះ និងពង្រឹងគុណភាពបន្ថែមទៀត ដើម្បីជំនួសឱ្យការនាំចូលផ្លែឈើពីក្រៅប្រទេស។

សម្រាប់បងប្អូនប្រជាពលរដ្ឋ និងទេសចរដែលចង់ទៅជួយគាំទ្រកសិករខ្មែរ ក៏ដូចជាភ្លក្សរសជាតិផ្លែឈើដ៏សម្បូរបែបនេះ គឺអាច​ធ្វើដំណើរពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ ៥ ដែលមានចម្ងាយប្រហែលជិត ៣០០គីឡូម៉ែត្រ ដោយផ្លូវមាន​ភាពងាយស្រួលក្នុងការធ្វើដំណើរ៕
ដោយ៖ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា