អភិបាលកិច្ច AI កម្ពុជា ត្រូវជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់គ្រប់គ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលកិច្ច AI កម្ពុជា ត្រូវជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់គ្រប់គ្នា

អភិបាលកិច្ច AI កម្ពុជា ត្រូវជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់គ្រប់គ្នា

តបតាមការ​អញ្ជើញរបស់ឯកឧត្ដមអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ឯកឧត្ដម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​បាន​អញ្ជើញ​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត ​ក្នុង​“​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត” ដែល​ប្រព្រឹត្ត​ទៅទីក្រុងហ្សឺណែវ។ ឯកឧត្តមបានអំពាវនាវឲ្យមានការរៀបចំអភិបាលកិច្ច AI ដែល​ជំរុញនវានុវត្តន៍ កសាងទំនុកចិត្ត និងចែករំលែកអត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។
 
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានលើកឡើងថា បញ្ញាសិប្បនិម្មិត (AI) មានសក្តានុពលក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ច លើកកម្ពស់គុណភាពសេវាសាធារណៈ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ ការរៀបចំអភិបាលកិច្ច AI គួរតែផ្តោតលើការបង្កើតបរិយាកាសដែលលើកទឹកចិត្តដល់នវានុវត្តន៍ ពង្រីកលទ្ធភាពប្រើប្រាស់ កសាងទំនុកចិត្ត និងធានាឱ្យអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាការដាក់កំហិតលើការអភិវឌ្ឍនោះទេ។
 
ការលើកឡើងនេះ ធ្វើឡើងនៅក្នុង“​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត” ដែលរៀបចំឡើងដោយ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​៦ និងទី៧ ខែកក្កដា ឆ្នាំ​២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និង​តំណាងមក​ពី ​១៧០ប្រទេស និង​​អង្គការ​អន្តរជាតិនានា​ ប្រមាណ​ ៤ ០០០នាក់។
 
ស្របពេលដែលបញ្ញាសិប្បនិម្មិតកំពុង​អភិវឌ្ឍលឿន​ជាង​សមត្ថភាព​គ្រប់គ្រង​ ​ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា សម្រាប់កម្ពុជា និងប្រទេសកំពុងអភិវឌ្ឍជាច្រើន សំណួរសំខាន់មិនមែនស្ថិតនៅលើថាតើគួរគ្រប់គ្រង AI ឬអត់នោះទេ ប៉ុន្តែតើត្រូវធ្វើដូចម្តេចដើម្បីបង្កើតប្រព័ន្ធអភិបាលកិច្ច ដែលអាចជំរុញការច្នៃប្រឌិត បង្កើនការចូលប្រើប្រាស់ កសាងទំនុកចិត្ត និងធានាថា អត្ថប្រយោជន៍នៃ AI ត្រូវបានចែករំលែកដោយប្រទេសទាំងអស់។
 
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបន្ថែមថា កម្ពុជាគាំទ្រការរៀបចំអភិបាលកិច្ច AI ដែលផ្អែកលើការវាយតម្លៃហានិភ័យ មានភាពបត់បែន ឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងមានចក្ខុវិស័យវែងឆ្ងាយ ដោយត្រូវ​ទប់ស្កាត់មុនផលប៉ះពាល់មកដល់។
 
ឯកឧត្តម ជា វ៉ាន់ដេត បានអះអាងថា អភិបាលកិច្ច AI គួរតែសមស្របទៅនឹងកម្រិតហានិភ័យជាក់ស្តែង និងអាចកែសម្រួលទៅតាមការវិវត្តរបស់បច្ចេកវិទ្យា។ ស្របតាម​និន្នាការ​អាស៊ាន កម្ពុជា​នឹង​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ដោយឈរ​លើគោលការណ៍ និង​ចាត់ទុក​វិស័យឯកជន គ្រឹះស្ថាន​អប់រំស្រាវជ្រាវ សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ដៃគូដ៏សំខាន់ មិនមែនជាកម្មវត្ថុនៃការគ្រប់គ្រងនោះឡើយ។
 
ឯកឧត្តមបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយអាចគ្រប់គ្រងបច្ចេកវិទ្យា AI បានដោយឯកឯងនោះទេ។ ក្នុងនាមប្រទេសកម្ពុជា ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ​​ពង្រឹងកិច្ចសហការលើ​ការ​កសាងសមត្ថភាព​ជូន​និយ័តករ ចែករំលែកព័ត៌មានអំពី​ការ​វិវឌ្ឍថ្មីៗ និងចែករំលែក​បទពិសោធ​និយ័តកម្ម​ និង​ការ​តាមដាន​ឧប្បត្តិហេតុ​បញ្ញាសិប្បនិម្មិត ដើម្បីឱ្យមេរៀនពីប្រទេសមួយអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសផ្សេងៗទៀត។
 
ជាចុងក្រោយ ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា បញ្ហាដែលបង្កឡើងដោយបច្ចេកវិទ្យា ក៏ត្រូវការដំណោះស្រាយតាមរយៈបច្ចេកវិទ្យាផងដែរ។ ដូច្នេះ ឯកឧត្តមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបច្ចេកវិទ្យានានា ចូលរួមសហការ​យ៉ាង​ពិតប្រាកដ​ជា​មួយ​បណ្ដា​រដ្ឋាភិបាល ក្នុងនាមជាដៃគូសំខាន់មួយ ដើម្បីរួមគ្នាកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតមួយ ​ដែលបម្រើ​ប្រយោជន៍​របស់​មនុស្សជាតិ​៕

Advertisement

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា