កម្ពុជាប្រាប់តំណាងសិទ្ធិមនុស្ស UN ពីទង្វើព្រៃផ្សៃអមនុស្សធម៌របស់យោធាថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់តំណាងសិទ្ធិមនុស្ស UN ពីទង្វើព្រៃផ្សៃអមនុស្សធម៌របស់យោធាថៃ

កម្ពុជាប្រាប់តំណាងសិទ្ធិមនុស្ស UN ពីទង្វើព្រៃផ្សៃអមនុស្សធម៌របស់យោធាថៃ

មេសិទ្ធិមនុស្សកម្ពុជាបានប្រាប់តំណាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពីសកម្មភាពព្រៃផ្សៃរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ជាពិសេសការរំលោភច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិរបស់ថៃ ក៏ដូចជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ។
 
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីជំនួបកាលពីថ្ងៃទី៧កក្កដា រវាង​ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Matilda Bogner តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
 
ជាក់ស្តែង ​ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ និងការចាប់រំលោភបំពានលើពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃ មកប្រទេសកម្ពុជាវិញ។
 
មិនត្រឹមតែប៉ុណ្ណោះ ប្រទេសថៃ បានបើកការវាយប្រហារដោយមិនរើសគោលដៅចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
 
មេសិទ្ធមនុស្សកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែបន្តការទាមទាររកយុត្តិធម៌ ជុំវិញការឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ជាពិសេសបន្តការទាមទារទឹកដីដែលគ្រប់គ្រងដោយខុសច្បាប់ពីប្រទេសថៃត្រឡប់មកវិញ។
 
ចំណែកតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាវិញ បានប្ដេជ្ញាចិត្តក្នុងការចូលរួមគាំទ្រនូវគំនិតផ្តួចផ្ដើម និងរាល់សកម្មភាពណា ដែលអាចជាដំណោះស្រាយជុំវិញជម្លោះរវាងកម្ពុជា-ថៃ។ នេះបើតាមលោក ស៊្រាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី៨ ខែកក្កដានេះ។
 
 
បន្ថែមលើនេះ លោកជំទាវ Matilda Bogner បានបញ្ជាក់ថា កន្លងមក អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅ​របស់ពួកគាត់។ បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញនៅឡើយ៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា