សម្តេចតេជោណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីបង្កើនកិច្ចសហការតាមព្រំដែនជាមួយវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីបង្កើនកិច្ចសហការតាមព្រំដែនជាមួយវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម

សម្តេចតេជោណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីបង្កើនកិច្ចសហការតាមព្រំដែនជាមួយវៀតណាម និងឡាវ ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ក្នុងពេលចុះទៅខេត្តរតនគិរី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តជំរុញឱ្យអាជ្ញាមូលដ្ឋានត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយវៀតណាម និងឡាវ ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ដើម្បីជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់ប្រទេសទាំងបីឲ្យកាន់តែល្អប្រសើរ។
 
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចុះជួបសំណេះសំណាល​ជាមួយជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។
 
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះ នឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្ម និងធនធានរ៉ែ។  ប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា​ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
 
ខេត្តរតនគិរីមានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាម​ ហើយខាងជើង​ជាប់ប្រទេសឡាវ។ ខេត្តនេះ មានច្រកទ្វារព្រំដែនអន្តរជាតិមួយកន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ។
 
ស្ថិតនៅភាគឦសានក៏ពិតមែន ប៉ុន្តែខេត្ត​នេះមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន ខេត្តរតនគិរី មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ២៧ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុន​វៀត​ណាមចំនួន១៣ ក្រុមហ៊ុនចិនចំនួន៣ក្រុមហ៊ុនសិង្ហបុរី ១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុក១០ក្រុមហ៊ុន ដែលបានផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណជាង ១ម៉ឺន ៥ពាន់នាក់។
 
តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុម​ការ​ងារ បាន និងកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅក្នុងខេត្ត និង​ប្រែ​ក្លា​យក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការឡើងវិញ ជាមួយ​នឹង​លក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។
 
គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តរតនគិរី មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃផ្លែឈើចំនួន១ និងកែច្នៃដំឡូងមីចំនួន១ ហើយមានកម្មករសរុបចំនួនជាង ១ ៧០០នាក់៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា