ពីកម្រិត​ជាតិ ដល់​តំបន់ និង​សកល៖ កម្ពុជា​ពង្រឹង​ពហុភាគីនិយម​ក្នុង​​កិច្ចសហការឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពីកម្រិត​ជាតិ ដល់​តំបន់ និង​សកល៖ កម្ពុជា​ពង្រឹង​ពហុភាគីនិយម​ក្នុង​​កិច្ចសហការឌីជីថល

ពីកម្រិត​ជាតិ ដល់​តំបន់ និង​សកល៖ កម្ពុជា​ពង្រឹង​ពហុភាគីនិយម​ក្នុង​​កិច្ចសហការឌីជីថល

ហ្សឺណែវ៖ នា​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃទីពីរ​នៃ​ “​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត” ឯកឧត្ដម​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​បានជួប​ពិភាក្សា​ការងារ​ជាមួយ​ស្ថាប័ន​និង​ប្រទេស​ជាច្រើន ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ឌីជីថល​កម្ពុជា។​

Advertisement

ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្ដម Amandeep Singh Gill អគ្គលេខាធិការ​រង​និង​ជា​ប្រេសិតពិសេស​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​បច្ចេកវិទ្យា​ឌីជីថល​និង​បច្ចេកវិទ្យា​ឈានមុខ និង​បាន​ជម្រាប​ឯកឧត្ដម​អំពី​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់សមត្ថភាព​ឌីជីថល​របស់​ប្រជាពលរដ្ឋ​នៅគ្រប់កម្រិត តាមរយៈកម្មវិធី​​ដូចជាអាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ និងគម្រោង​​បន្ទប់កុំព្យូទ័រ​នៅ​សាលាបឋមសិក្សា​គោលដៅ ព្រមទាំង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សាធារណៈ ដូចជា​ថ្នាល verify.gov.kh ជាដើម​។ ឯកឧត្ដមប្រេសិតពិសេស​បានកោតសរសើរចំពោះ​ការ​ប្ដេជ្ញាចិត្តរបស់កម្ពុជា និង​ជោគជ័យរបស់ថ្នាល verify.gov.kh ព្រមទាំង​បាន​អញ្ជើញកម្ពុជា​ផ្សព្វផ្សាយ​ថ្នាល​នេះលើ​ UN Digital Cooperation Portal និង​អញ្ជើញ​កម្ពុជា​ធ្វើ​ជា​សហប្រធាន​កម្មវិធី UN Open Source Week នា​ឆ្នាំ​២០២៧ផងដែរ។

លើសពីនេះ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ជួបជាមួយរដ្ឋមន្រ្តីក្រសួងឌីជីថល រួមមាន​ (១) ឯកឧត្ដមរដ្ឋមន្រ្តី Mark-Alexandre Doumba ប្រទេសហ្កាបុង (២) ឯកឧត្ដមរដ្ឋមន្រ្តី Haliki Mahamat ប្រទេសឆាដ (៣) ឯកឧត្ដមរដ្ឋមន្ត្រី Américo Muchanga ប្រទេសម៉ូសំប៊ិក (៤) ឯកឧត្ដមរដ្ឋមន្រ្តី Samba Diouf ប្រទេសសេណេហ្កាល់ និង​ (៥) ឯកឧត្ដមរដ្ឋមន្រ្តី Djibril Ouattara ​ប្រទេសកូតឌីវ័រ ដើម្បី​​ចែករំលែក​បទពិសោធ​របស់​កម្ពុជាជូន​បណ្ដា​ប្រទេស​បាន​ជ្រាប។ ឆ្លៀតឱកាសនេះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​រដ្ឋមន្ត្រីនៃប្រទេស​ទាំង៥ ចូលរួម​កម្មវិធី Francotech ដែល​នឹងរៀបចំ​នៅចុង​ឆ្នាំ​​២០២៦ ក្នុងឱកាស​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី លើកទី២០ ដែល​កម្ពុជា​​ជាម្ចាស់ផ្ទះ។

ឯកឧត្ដម​រដ្ឋមន្ត្រីក៏បានជួប​សំណេះសំណាល​និងពិភាក្សា​ការងារ​ជាមួយ​ លោកជំទាវ Deema Al Yahya អគ្គលេខាធិការ​អង្គការសហប្រតិបត្តិការ​ឌីជីថល ដើម្បី​បន្ត​ពិភាក្សា​លើ​លទ្ធភាព​សហការ​។ លោកជំទាវ​មាន​បំណងអញ្ជើញកម្ពុជា​ចូលជាសមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ​ឌីជីថល ដោយឃើញពីសមិទ្ធផល​​បរិវត្តកម្ម​ឌីជីថលកម្ពុជា ដែល​មាន​ការ​ទទួលស្គាល់​អន្តរជាតិ​ជា​បន្តបន្ទាប់។

កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ ជា​ការអនុវត្ត​វិធានការ​គោលនយោបាយ​បរិវត្តកម្មឌីជីថល​របស់​កម្ពុជាក្រោម​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងការ​លើកកម្ពស់​​ពហុភាគីនិយម​ក្នុង​កិច្ចសហប្រតិបត្តិការ​ឌីជីថល​របស់​កម្ពុជា សំដៅពង្រឹងភាពធន់​នៃ​ប្រព័ន្ធ​​អេកូឡូស៊ីឌីជីថល​ជាតិ ​និង​ចូលរួមពង្រឹង​​ប្រព័ន្ធអេកូឡូស៊ីឌីជីថល​​តំបន់​និង​ពិភពលោក៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា