អាមេរិក គ្រោងបើកដៃឱ្យ អ៊ុយក្រែន អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក គ្រោងបើកដៃឱ្យ អ៊ុយក្រែន អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង

អាមេរិក គ្រោងបើកដៃឱ្យ អ៊ុយក្រែន អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot ដោយខ្លួនឯង

អង់ការ៉ា ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃ ពុធ បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់អាជ្ញាបណ្ណដល់អ៊ុយក្រែន ដើម្បីផលិតគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដោយខ្លួនឯង ។

Advertisement

សំណាញ់មេឃ Patriot គឺជាប្រព័ន្ធខែលប្រឆាំងមីស៊ីល ដែលបាញ់ចេញពីផ្ទៃដីទៅអាកាសដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ប្រព័ន្ធរ៉ាដារបស់ Patriot គ្របដណ្ដប់លើរយៈចម្ងាយ ១៥០ គីឡូម៉ែត្រ និងបំពាក់ដោយមីស៊ីលដ៏មានអនុភាពចំនួន ២ ប្រភេទ ។

ក្នុងនោះមីស៊ីលស្ទាក់ចាប់ PAC-2 របស់ប្រព័ន្ធ Patriot អាចបាញ់បានចម្ងាយលើស ១០០ គីឡូម៉ែត្រ និងមីស៊ីលស្ទាក់ចាប់ PAC-3 បាញ់បានចម្ងាយអតិបរមា ៦៩ គីឡូម៉ែត្រ ។

អំឡុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ, លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងផ្តល់អាជ្ញាបណ្ណឱ្យអ្នក អាចផលិតមីស៊ីលសម្រាប់សំណាញ់មេឃ Patriot បានដោយខ្លួនឯង ។

មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា នេះជារឿងដ៏ល្អមួយ ពីព្រោះធ្វើបែបនេះ អ្នកនឹងមិនអាចត្អូញត្អែរថា យើងមិនបានផ្តល់អាវុធឱ្យបានគ្រប់គ្រាន់នោះទេ ។ លោកថា វាជាអាវុធការពារខ្លួន ដែលលោកពេញចិត្តជាងអាវុធវាយលុក ។

លោក ត្រាំ បានសង្កត់ធ្ងន់ថា ភាគីទាំងសងខាងនៅក្នុងជម្លោះនេះ ចង់ឃើញសង្គ្រាមបញ្ចប់ ប៉ុន្តែទាំងលោកប្រធានាធិបតីរុស្ស៊ី ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី សុទ្ធតែជាបុគ្គល “ពិបាកដោះស្រាយ” ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះ បានទទួលស្គាល់ថា លោកបានដោះស្រាយសង្គ្រាមជាច្រើនមកហើយ ហើយសង្គ្រាមមួយនេះ លោកធ្លាប់គិតថា ប្រហែលជាស្រួលបញ្ចប់បំផុត ប៉ុន្តែលោក ពូទីន គឺជាតួអង្គដែលពិបាក ហើយលោក ហ្សេលេនស្គី ក៏ជាតួអង្គដ៏ពិបាកម្នាក់ដែរ ។

យ៉ាងណាមិញ លោក ហ្សេលេនស្គី បានឆ្លើយតបថា រូបលោកជឿជាក់ថា លោកប្រធានាធិបតី ត្រាំ នឹងព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីបញ្ឈប់សង្គ្រាមដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២មួយនេះ ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា