សម្តេចតេជោ ហ៊ុន សែន ជំរុញសន្តិសុខថាមពល និងបញ្ជាឱ្យរួមគ្នាការពារសត្វផ្សោតមេគង្គដាច់ខាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ជំរុញសន្តិសុខថាមពល និងបញ្ជាឱ្យរួមគ្នាការពារសត្វផ្សោតមេគង្គដាច់ខាត

សម្តេចតេជោ ហ៊ុន សែន ជំរុញសន្តិសុខថាមពល និងបញ្ជាឱ្យរួមគ្នាការពារសត្វផ្សោតមេគង្គដាច់ខាត

ស្ទឹងត្រែង៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា គម្រោងវារីអគ្គិសនីសេសានក្រោម២ គឺជា «ឧស្សាហកម្មធុនធ្ងន់» ដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការធានាសន្តិសុខថាមពលជាតិ។

Advertisement

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សហការគ្នាយ៉ាង​ជិតស្និទ្ធ ដើម្បីការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យខានតែបាន។

នៅក្នុងពិធីសំណេះសំណាលដែលមានអ្នកចូលរួមជាង ៦០០នាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីរបត់​ប្រវត្តិសាស្ត្រ​នៃ​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញនៅភូមិភាគឦសាន ជាពិសេសការតភ្ជាប់ស្ពាន និងផ្លូវជាតិយុទ្ធសាស្ត្រ។

សម្តេចតេជោមានប្រសាសន៍ថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តស្ទឹងត្រែងនឹងមានស្ពានធំៗឆ្លងកាត់​ទន្លេកុង និងទន្លេមេគង្គនោះឡើយ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានយុទ្ធសាស្ត្រទាំងពីរ រួមជាមួយបណ្តាញផ្លូវជាតិឈានមុខ បានតភ្ជាប់ខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី និងព្រះវិហារ យ៉ាងប្រទាក់ក្រឡា ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។

ទាក់ទិននឹងការផ្គត់ផ្គង់អគ្គិសនី សម្តេចតេជោប្រធានព្រឹទ្ធសភាបានលើកឡើងថា វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិត​នៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក មានអានុភាពផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់។ គម្រោងនេះ​បានក្លាយជាប្រភពថាមពលបៃតងដ៏ធំ សម្រាប់ផ្គត់ផ្គង់ទៅកាន់បណ្តាញជាតិទូទាំងប្រទេស និងជួយកាត់បន្ថយ​ការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។

កម្ពុជានៅតែបន្តដើរលើផ្លូវនយោបាយ “ជំហានគីង្គក់” ពោលគឺ “យឺត ប៉ុន្តែមិនថយក្រោយ” ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងការលូតលាស់ប្រកបដោយចីរភាព។ នេះជាការសង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន។

ក្រៅពីការសម្លឹងមើលលើការអភិវឌ្ឍសេដ្ឋកិច្ច សម្តេចតេជោក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់​អភិបាល​ខេត្តស្ទឹងត្រែង និងអភិបាលខេត្តក្រចេះ ឱ្យមើលការខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងបរិស្ថានទឹក និងទប់ស្កាត់បទល្មើស​នេសាទខុសច្បាប់ ដើម្បីជំរុញឱ្យមានកំណើនសត្វផ្សោតឡើងវិញ។

សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «សត្វផ្សោតមេគង្គមិនត្រឹមតែជាដួងព្រលឹងនៃទន្លេមេគង្គទេ ប៉ុន្តែវាជាទ្រព្យសម្បត្តិ​ធម្មជាតិ និងជាមេដែកទាក់ទាញទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា»។

គួររំលឹកផងដែរថា ខេត្តស្ទឹងត្រែង គឺជាគោលដៅទី២២ ហើយ ក្នុងបេសកកម្ម «ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន» របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់ផ្តើមកាលពីចុងខែខែមេសា ឆ្នាំ២០២៦ កន្លងទៅ សំដៅជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត។ ដោយឡែក កាលពីថ្ងៃ​ទី៨ ខែកក្កដា ម្សិលមិញនេះ សម្តេចតេជោទើបតែបានបញ្ចប់បេសកកម្មនៅខេត្តរតនគិរី ដែលជាខេត្តគោលដៅទី២១ បន្ទាប់ពីខេត្តក្រចេះ៕

ដោយ៖ ឡុង សំបូរ និង ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា