កម្ពុជាបន្តថ្កោលទោសការឈ្លានពានរបស់ថៃនៅចំពោះមុខសភាប្រើភាសាបារាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តថ្កោលទោសការឈ្លានពានរបស់ថៃនៅចំពោះមុខសភាប្រើភាសាបារាំង

កម្ពុជាបន្តថ្កោលទោសការឈ្លានពានរបស់ថៃនៅចំពោះមុខសភាប្រើភាសាបារាំង

ប្រទេសកម្ពុជា ទាំងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ បានបន្តប្រើប្រាស់វេទិកាអន្តរជាតិនានា ដើម្បីបរិហារអំពីការឈ្លានពានរបស់យោធាថៃលើដែនអធិបតេយ្យរបស់ខ្លួន និងបង្ហាញជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

Advertisement

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំងកាលពីថ្ងៃទី៧កក្កដា នៅប្រទេសកាមេរូន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង (APF) បានជម្រាបជូនសមាជិកសភាមកពីបណ្តាប្រទេសប្រើភាសាបារាំងអំពីការវិវត្តនៃស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមបានបញ្ជាក់ថា ទោះបីកម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ភាគីថៃនៅតែបន្តអនុវត្តសកម្មភាពជាឯកតោភាគីនៅលើដីខ្មែរ ដែលយោធាថៃដណ្តើមកាន់កាប់ ដូចជា៖ ឈូសឆាយដី ដំឡើងលួសបន្លា និងកុងតឺន័រ ឡោមព័ទ្ធភូមិប្រជាពលរដ្ឋ ពង្រឹងទីតាំងយោធា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ផ្សេងទៀត។

សកម្មភាពទាំងនេះមិនអាចចាត់ទុកជាហេតុការណ៍ដាច់ដោយឡែកនោះទេ។ ផ្ទុយទៅវិញ វាជាការព្យាយាមផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន ដែលផ្ទុយនឹងអនុស្សរណៈយោគយល់ឆ្នាំ២០០០ សេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់ និងគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា គ្មានព្រំដែនណាត្រូវបានផ្លាស់ប្តូរដោយឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ឬការបង្កើត «ស្ថានភាពជាក់ស្តែងរួចជាស្រេច» នោះឡើយ។ ការការពារគោលការណ៍នេះ គឺដើម្បីការពារសមភាពអធិបតេយ្យរបស់រដ្ឋនានា រក្សាភាពជឿជាក់នៃច្បាប់អន្តរជាតិ និងពង្រឹងគ្រឹះនៃសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។

អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានរិះគន់ប្រទេសថៃផងដែរ ដែលបានសម្រេចផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដោយយកលេសថាមកពីកម្ពុជាលើកយកបញ្ហាព្រំដែនសមុទ្រទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS។

ឯកឧត្តម អ៊ុច បូររិទ្ធ លើកឡើងថា ទោះបីជាមានការស្នើសុំដ៏ទទួចពីកម្ពុជាដើម្បីកោះប្រជុំគណៈកម្មការ JBC ក៏ដោយ ក៏ការងាររបស់គណៈកម្មការនេះមិនអាចចាប់ផ្តើមឡើងវិញបានឡើយ ដែលការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ជាលំដាប់ដល់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្អួចទំនុកចិត្តទៅវិញទៅមក។

ក្រៅពីនេះ ឯកឧត្តម បានសម្តែងការព្រួយបារម្ភចំពោះទុក្ខវេទនារបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ព្រមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរលើបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលស្ថិតនៅលើទឹកដីអធិបតេយ្យរបស់កម្ពុជា។

ជាចុងក្រោយ ឯកឧត្តមបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងគ្រួសារសភាប្រើភាសាបារាំង បន្តគាំទ្រគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ រួមមានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងយោធា ការគោរពកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា