កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា

កម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា

អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងនវានុវត្តន៍ករស្ត្រីឈានមុខប្រមាណ ១៣៥ រូប មកពីប្រទេសឥណ្ឌា និងបណ្តាប្រទេសជាសមាជិកអាស៊ាន បានជួបជុំគ្នានៅរាជធានីភ្នំពេញក្នុង «សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២» រយៈពេល ៣ថ្ងៃ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Advertisement

សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌាលើកទី២ ដែលប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៨ ខែកក្កដា ក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានផ្តោតលើវិស័យអាទិភាពចំនួន ៤ គឺ៖ សន្តិសុខស្បៀង, ថាមពលចីរភាព, ការអប់រំសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។សន្និសីទ មានគោលបំណងដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រីកបណ្តាញវិជ្ជាជីវៈ និងជំរុញឱ្យស្ត្រីកាន់តែច្រើន ក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ឯកឧត្តមសាស្ត្រាចារ្យ យូមេស វ៉ាក់ម៉ារ៉េ (Umesh Waghmare)លេខាធិការនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋឥណ្ឌាបានលើកថា ស្ត្រីកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យបច្ចេកវិទ្យា ប៉ុន្តែពួកគេនៅតែត្រូវការការគាំទ្រ និងឱកាសបន្ថែមពីស្ថាប័ននានា។

ចំណែកឯកឧត្តម ស៊ុកសាវ៉ាត ស៊ីហាប៉ាន់យ៉ា (Souksavath Sihapanya) ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនសំឡេង និងជំរុញឱ្យមានភាពចម្រុះក្នុងការដឹកនាំក្នុងតំបន់ ស្របតាមផែនការសកម្មភាពអាស៊ានឆ្នាំ ២០២៦-២០៣០។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងក្នុងពិធីសន្និសីទដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹង។ឯកឧត្តមបន្ថែមថា ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្ពុជាបានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ឆ្នាំ២០៣០ ដោយកំណត់គោលដៅជំរុញឱ្យមាននិស្សិតស្រី បញ្ចប់ការសិក្សាផ្នែក STEM យ៉ាងហោចណាស់ ៥០% ព្រោះប្រទេសជាតិមួយមិនអាចអភិវឌ្ឍអស់សក្តានុពលបានឡើយ បើខ្វះការចូលរួមពីស្ត្រី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតតំបន់នេះ សហការរៀបចំដោយ ក្រសួងឧស្សាហកម្មកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា ហ្គានឌីណាហ្គា ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា ដើម្បីរួមគ្នាដោះស្រាយឧបសគ្គ និងបើកផ្លូវឱ្យស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើនក្នុងវិស័យវិទ្យាសាស្ត្រនាពេលអនាគត៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា