កម្ពុជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ

កម្ពុជាគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសិទ្ធិមនុស្ស នៅអង្គការសហប្រជាជាតិ

ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសកម្ពុជាបានលើកយកការវិវឌ្ឍថ្មីៗនៃបញ្ហាសិទ្ធិមនុស្សតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មកពិភាក្សា ដោយបានអំពាវនាវឱ្យមានការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនភៀសខ្លួនផ្ទៃក្នុង ព្រមទាំងទាមទារឱ្យមានកិច្ចការពារពលករចំណាកស្រុកពីការរើសអើង និងអំពើហិង្សានានា ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
 
នៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ កម្ពុជា បានបង្ហាញជំហរយ៉ាងសកម្មក្នុងការការពារ និងជំរុញសិទ្ធិមនុស្ស។
 
កម្ពុជាក៏បានលើកឡើងផងដែរពីបញ្ហាចំពោះមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យមានកិច្ចការពារពលករចំណាកស្រុកពីអំពើហិង្សា និងការរើសអើង ព្រមទាំងដោះស្រាយបញ្ហាជនភៀសខ្លួនផ្ទៃក្នុងដោយស្ម័គ្រចិត្ត និងស្របច្បាប់។
 
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់កាលពីថ្ងៃពុធថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាអន្តរកម្ម និងកិច្ចពិភាក្សានានា ដោយបានថ្លែងបទអន្តរាគមន៍ចំនួន ២២លើក។ បទអន្តរាគមន៍ទាំងនោះ បានគូសបញ្ជាក់ពីវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ក្នុងការជំរុញសិទ្ធិមនុស្សលើគ្រប់វិស័យ រួមមានសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ពលរដ្ឋ និងនយោបាយ ព្រមទាំងការងារសមភាពយេនឌ័រ ការកាត់បន្ថយភាពក្រីក្រ និងសកម្មភាពមីនមនុស្សធម៌ជាដើម។
 
ក្រៅពីនេះ កម្ពុជាក៏បានចូលរួមក្នុងសេចក្តីថ្លែងការណ៍រួមចំនួន ១០ ឆ្លុះបញ្ចាំងពីសំឡេងរួមគ្នារបស់ក្រុមអាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាន លើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុមកលើសិទ្ធិមនុស្សផងដែរ។
 
លើសពីនេះទៀត កម្ពុជាក៏បានចូលរួមធ្វើជាអ្នកគាំទ្រលើសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ០៤ ដែលស្នើឡើងដោយប្រទេសគុយបា ចិន កូរ៉េខាងត្បូង និងបារាំង ដើម្បីបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ។ សេចក្តីសម្រេចចិត្តទាំងនោះផ្តោតលើបំណុលបរទេសនិងសិទ្ធិទទួលបានសុខភាព កិច្ចការពារមនុស្សធម៌ក្នុងជម្លោះប្រដាប់អាវុធ និងការលុបបំបាត់ការរើសអើងជាសកលចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
 
ស្ថានបេសកកម្មកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ទាំងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ដើម្បីរួមគ្នាលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការអនុវត្តសិទ្ធិមនុស្សយ៉ាងពេញលេញសម្រាប់ពលរដ្ឋគ្រប់រូប៕

Advertisement

ទួន ​សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា