ធនាគារពិភពលោកបន្តជួយកម្ពុជាឲ្យសម្រេចបានគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋគ្រប់គ្នាត្រឹមឆ្នាំ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារពិភពលោកបន្តជួយកម្ពុជាឲ្យសម្រេចបានគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋគ្រប់គ្នាត្រឹមឆ្នាំ២០៣០

ធនាគារពិភពលោកបន្តជួយកម្ពុជាឲ្យសម្រេចបានគោលដៅផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋគ្រប់គ្នាត្រឹមឆ្នាំ២០៣០

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Guangzhe Chen អនុប្រធានទទួលបន្ទុកផ្នែក Planet នៃធនាគារពិភពលោក (World Bank) បានពិភាក្សាគ្នាកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ អំពីវឌ្ឍនភាពនៃកំណែទម្រង់វិស័យទឹកស្អាត ការពង្រឹងអភិបាលកិច្ច និងការពន្លឿនការអនុវត្តគម្រោងនានា ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រក្នុងការផ្តល់សេវាទឹកស្អាតជាសកលនៅកម្ពុជា ត្រឹមឆ្នាំ២០៣០។

Advertisement

ភាគីទាំងពីរបានពិភាក្សាផ្តោតលើកិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា (Cambodia Water Security Compact) ការបង្កើតនិយ័តករផ្គត់ផ្គង់ទឹកស្អាតឯករាជ្យ វឌ្ឍនភាពនៃគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្មកម្ពុជា។
 
ភាគីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តគម្រោង ពង្រឹងស្ថាប័នក្នុងវិស័យទឹកស្អាត ទាក់ទាញការវិនិយោគ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម Water Forward។
 
លោក Guangzhe Chen អនុប្រធានទទួលបន្ទុកផ្នែក Planet នៃធនាគារពិភពលោក
បានបញ្ជាក់ជាថ្មីអំពីការបន្តគាំទ្ររបស់ធនាគារពិភពលោកចំពោះវិស័យទឹកស្អាតនៅកម្ពុជា និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើម Water Forward។
 
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា សេវាផ្គត់ផ្គង់ទឹកដែលកាន់តែប្រសើរ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការប្រែក្លាយសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនៅតំបន់ជនបទ។ ក្រសួងបានប្តេជ្ញាលើកិច្ចការងារមួយនេះ។ 
 
ឯកឧត្តម ​បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ​ការបង្កើតនិយ័តករផ្គត់ផ្គង់ទឹកស្អាតឯករាជ្យ ពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតសាធារណៈ និងឯកជន កាត់បន្ថយទឹកបាត់បង់ក្នុងប្រព័ន្ធ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងពីប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្ម ដែលធានារក្សាបាននូវសេវាផ្តល់ទឹកស្អាតដែលមានតម្លៃសមរម្យ។ 

លោក Guangzhe Chen បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខទឹករបស់កម្ពុជា ត្រូវបានចាត់ទុកថាជាគំរូដ៏ល្អបំផុតមួយ ដែលធនាគារពិភពលោកអាចចែករំលែកជាមួយប្រទេសដទៃទៀតបាន។
 
បច្ចុប្បន្ន អត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧,៤០% និងអនាម័យជនបទកម្រិត​មូលដ្ឋាន សម្រេចបានលទ្ធផល ៩២,៤០%។ គោលដៅរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា