អ្នកជំនាញថៃព្រមានរដ្ឋាភិបាលកុំឲ្យនាំជម្លោះព្រំដែនឡើងដល់តុលាការអន្តរជាតិជាលើកទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញថៃព្រមានរដ្ឋាភិបាលកុំឲ្យនាំជម្លោះព្រំដែនឡើងដល់តុលាការអន្តរជាតិជាលើកទី៣

អ្នកជំនាញថៃព្រមានរដ្ឋាភិបាលកុំឲ្យនាំជម្លោះព្រំដែនឡើងដល់តុលាការអន្តរជាតិជាលើកទី៣

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកអត្ថបទវិភាគមួយរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «រឿងចាស់ ដែលមិនចាស់៖ សាលក្រមដែលបានកំណត់ដោយសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ»។

Advertisement

នៅក្នុងអត្ថបទវិភាគនេះ លោក Surachart Bamrungsuk បានប្រាប់រដ្ឋាភិបាលថៃឱ្យប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតចំពោះការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិជាលើកទី៣ ដោយលោកបាននិយាយថា ច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ថា មិនអនុញ្ញាតឱ្យរដ្ឋមានសិទ្ធិក្នុងការកែសម្រួល ឬផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនរវាងប្រទេសដោយការប្រើប្រាស់កម្លាំងឡើយ។

តាមគោលការណ៍អន្តរជាតិនិយមដែលគ្រប់ប្រទេស រួមទាំងប្រទេសថៃ ត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិនោះ សហគមន៍អន្តរជាតិនឹងផ្តល់សារៈសំខាន់យ៉ាងខ្លាំង ទៅលើការដែលរដ្ឋត្រូវតែមិនប្រើប្រាស់កម្លាំងយោធា ក្នុងការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដើម។

ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកជំនាញថៃរូបនេះ បានលើកយកករណីប្រាសាទព្រះវិហារ ជាឧទាហរណ៍។ ពោលគឺ ថៃ និងកម្ពុជា ធ្លាប់មានរឿងក្តីប្តឹងផ្តល់គ្នាអំពីប្រាសាទនេះ នៅចំពោះមុខតុលាការអន្តរជាតិចំនួន ២ដង រួចមកហើយ គឺលើកទី១ នៅក្នុងឆ្នាំ១៩៦២ និងបានកើតឡើងសារជាថ្មីម្តងទៀតលើកទី២ នៅក្នុងឆ្នាំ២០១៣។

លោកបន្តថា ផ្អែកលើមេរៀនប្រវត្តិសាស្ត្រទាំងនេះ ប្រទេសថៃ ត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងដាច់ខាតនូវការបង្កើតលក្ខខណ្ឌ ដែលបង្ខំឱ្យមានការវិលត្រឡប់ទៅរកតុលាការអន្តរជាតិ ជាលើកទី៣ ព្រោះរដ្ឋាភិបាលថៃបានយល់ព្រមទទួលយកនូវលទ្ធផលនៃសេចក្តីសម្រេចខាងលើទាំងពីរករណីរួចរាល់ហើយ។

ដូច្នេះ រដ្ឋាភិបាលថៃមិនត្រូវបង្កើតលក្ខខណ្ឌណាមួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពចាញ់ប្រៀប ទាំងក្នុងទិដ្ឋភាពនយោបាយ និងច្បាប់អន្តរជាតិ គ្រាន់តែដោយសារការមានទំនុកចិត្តហួសហេតុលើអំណាចយោធានោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលគប្បីត្រូវដឹងឱ្យច្បាស់ពីដែនកំណត់ នៃអំណាចយោធារបស់ខ្លួន ព្រោះកងកម្លាំងប្រដាប់អាវុធមិនមែនជាឧបករណ៍ដែលអាចនាំមកនូវភាពជោគជ័យក្នុងការដោះស្រាយវិវាទព្រំដែន បានគ្រប់កាលៈទេសៈនោះទេ។

អ្នកជំនាញថៃរូបនេះ បានបញ្ជាក់ថា ស្ថានភាពសន្តិសុខព្រំដែនថៃ-កម្ពុជា កាន់តែយូរថ្ងៃទៅ គឺកាន់តែវិវត្តទៅរកភាពស្មុគស្មាញ និងមានលក្ខណៈរសើបខ្លាំងឡើងៗ ជាលំដាប់។ ហេតុដូច្នេះ ការបណ្តោយឱ្យបញ្ហានេះអូសបន្លាយទៅមុខ ដោយគ្មានដំណោះស្រាយពិតប្រាកដនោះ មុខជានឹងមិនផ្តល់ផលល្អទាំងចំពោះប្រទេសជាតិ និងចំពោះស្ថិរភាពរបស់រដ្ឋាភិបាលផ្ទាល់ឡើយ។

លោក Surachart បានសង្កត់ធ្ងន់ថា អ្វីដែលល្អបំផុតសម្រាប់ប្រទេសថៃ ពេលនេះ គឺត្រូវដក «អុសកម្ពុជា» ចេញពី «គំនរភ្លើងសន្តិសុខជាតិ» ដើម្បីកាត់បន្ថយភ្លើងជម្លោះឱ្យមកនៅតិចជាងមុន ដើម្បីកុំឱ្យប្រទេសជាតិត្រូវបន្តប្រឈមមុខនឹងភ្លើងគំនរធំ ដែលឆេះក្តៅងំគ្មានថ្ងៃរលត់៕

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា