អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី៖ ម៉ាឡេស៊ីនៅតែបន្តសហការ និងឃ្លាំងមើលចំពោះការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ថា ម៉ាឡេស៊ីនៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តសហការនិងឃ្លាំងមើលបន្ថែមចំពោះការអនុវត្តបទឈប់បាញ់រវាងភាគីទាំងពីរកម្ពុជា-ថៃ ឱ្យបានខ្ជាប់ខ្ជួន សំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

Advertisement

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះភាគីកម្ពុជា ដែលបានប្តេជ្ញាចិត្តនៅក្នុងការអង្គុយចុះដើម្បីពិភាក្សាគ្នាជាមួយភាគីថៃ តាមរយៈយន្តការដែលមានស្រាប់ ដូចជា GBC និងJBC សំដៅដោះស្រាយបញ្ហាដោយសន្តិវិធី។ ហើយសង្ឃឹមថាកម្ពុជាថៃនឹងអាចដោះស្រាយគ្នាបានតាមរយៈវេទិកា និងកិច្ចប្រជុំ ADMM និង ADMM-Plus។

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ គឺមានគោលដៅចម្បងមួយដើម្បីជួបជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងបញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពយើងទាំងពីរ។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានជម្រាបផងដែរ អំពីលទ្ធផលនៅក្នុងជំនួបទ្វេភាគីជាមួយនិងឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពាក់ព័ន្ធនឹងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការជាមួយគ្នាដែលមានស្រាប់ និងស្វែងរកនូវទិសដៅបន្ថែមទៀត ដើម្បីពង្រឹងនៅក្នុងកិច្ចសហប្រតិបត្តិការ ដូចជាការធ្វើលំហាត់រួមគ្នា ការហ្វឹកហ្វឺន ការធ្វើជាអ្នកសង្កេតការណ៍ផ្សេងៗ ក្នុងន័យពង្រីកបន្ថែមលើកិច្ចសហប្រតិបត្តិការ និងដើម្បីផលប្រយោជន៍ដល់កងទ័ពទាំងពីរផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនៅកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់របស់ម៉ាឡេស៊ី លើការពង្រឹងនូវទំនាក់ទំនងនៅលើវិស័យយោធានៃប្រទេសទាំងពីរ ហើយក៏បានសម្តែងនូវការវាយតម្លៃខ្ពស់លទ្ធផលជាផ្លែផ្កា នៃជំនួបទ្វេភាគីរវាងអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ជាមួយនិងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្លាស់ប្តូរទស្សនៈជាច្រើនជាមួយគ្នា។

រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា នៅឆ្នាំ២០២៧ខាងមុខ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងម៉ាឡេស៊ី។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះម៉ាឡេស៊ី ដែលបានដឹកនាំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ប្រកបដោយរលូន។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះការសម្របសម្រួល ជាពិសេសចំពោះការគាំទ្រទៅលើសន្តិភាព និងការដោះស្រាយបញ្ហាមួយចំនួនរវាងកម្ពុជានិងថៃ។ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏បានថ្លែងអំណរអរគុណផងដែរ ចំពោះម៉ាឡេស៊ី ដែលបានសម្របសម្រួល និងចាត់បញ្ជូនក្រុមការងារ AOT មកប្រចាំការនៅកម្ពុជា ជាពិសេសអនុព័ន្ធយោធាម៉ាឡេស៊ីបានចូលរួមយ៉ាងសកម្មលើកិច្ចការនេះ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការពារជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា