ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

ឯកឧត្តម ទេព អស្នារិទ្ធ៖ បញ្ឈប់ការចែកចាយព័ត៌មានមិនពិត ដើម្បីសង្គមមានរបៀបរៀបរយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជន ជាពិសេសយុវជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុននឹងចែករំលែកព័ត៌មានលើបណ្តាញសង្គម ហើយបញ្ជប់ការចែកចាយព័ត៌មានមិនពិត ដើម្បីចៀសវាងការបង្កភាពច្របូកច្របល់ និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

Advertisement

ក្នុងពិធីអនុវត្តន៍ផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្រុងកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលការចូលរួមពីលោក ស្រី គឹម ចន្នី អភិបាលរងនៃគណ:អភិបាលខេត្តកែប តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រួអ្នកគ្រូសិស្សានុសិស្សប្រមាណ១,០០០នាក់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្តាញសង្គមដោយខ្វះការពិចារណា អាចបង្កជាភាពវឹកវរ និងប៉ះពាល់ដល់សន្តិសុខសង្គមយ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តមបានបញ្ជាក់ ក្រសួងព័ត៌មានបានរកឃើញព័ត៌មានក្លែងក្លាយប្រមាណ ៤,០០០ ករណីកាលពីឆ្នាំ២០២៥។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៦ ករណីនេះមានចំនួនជាង ២,០០០ ករណី ដែលបង្ហាញពីការកើនឡើងជិត ៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវមានការទទួលខុសត្រូវខ្ពស់លើរាល់ការបញ្ចេញមតិ និងការចែកចាយបន្ត ដោយត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីរួមគ្នាកសាងបរិយាកាសសង្គមមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនា។ ឯកឧត្តមបញ្ជាក់ដូច្នេះថា ៖ «យើងត្រូវប្រុងប្រយ័ត្ន យើងកំពុងតែសប្បាយនឹងការប្រើមធ្យោបាយឌីជីថលរបស់យើង ដែលមានព័ត៌មាននៅនឹងបាតដៃរបស់អ្នក។ ក្នុងនោះព័ត៌មានក្លែងក្លាយ ក៏នៅនឹងបាតដៃរបស់អ្នកដែរ។ អ៊ីចឹងយើងត្រូវឲ្យព័ត៌មានក្លែងក្លាយ បញ្ចប់នៅត្រឹមបាតដៃរបស់យើងហ្នឹងតែម្តង កុំឲ្យវាចែកចាយបន្តទៅទៀតទេ។»

យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»ជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងរបៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និងប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវ ។ មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានក្នុងការពង្រឹងសន្តិសុខព័ត៌មាន និងកសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយនៃព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ បានឈានដល់ដំណាក់កាលអនុវត្តនៅតាមបណ្តាវិទ្យាល័យ និងអនុវិទ្យាល័យក្នុងរាជធានី-ខេត្តគោលដៅចំនួន ១០ រួចមកហើយ រួមមានៈ រាជធានីភ្នំពេញ និងខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ, សៀមរាប, កំពង់ចាម, កំពង់ធំ, ពោធិ៍សាត់, កំពត និងខេត្តកែប។ ជាមួយគ្នានេះ ក្រុមការងារនឹងបន្តយុទ្ធនាការនេះទៅកាន់ខេត្តនានាឱ្យគ្រប់ ២៥ រាជធានី-ខេត្ត ក្នុងឆ្នាំ ២០២៦នេះ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា