ក្រៅពីឈ្លានពានទឹកដី ថៃប៉ុនប៉ងដណ្ដើមភាពជាម្ចាស់លើអារ្យធម៌ខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រៅពីឈ្លានពានទឹកដី ថៃប៉ុនប៉ងដណ្ដើមភាពជាម្ចាស់លើអារ្យធម៌ខ្មែរ

ក្រៅពីឈ្លានពានទឹកដី ថៃប៉ុនប៉ងដណ្ដើមភាពជាម្ចាស់លើអារ្យធម៌ខ្មែរ

Advertisement

ក្នុងពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាព្រំដែន  ភាពតានតឹងមួយទៀតបានកើតឡើងក្នុងវិស័យវប្បធម៌។ ពលរដ្ឋខ្មែរមានការព្រួយបារម្ភចំពោះសកម្មភាពរបស់ថៃ ដែលបានយកទម្រង់អក្សរខ្មែរបុរាណ រួមទាំងប្រពៃណីមួយចំនួនទៅប្រើប្រាស់ក្នុងកម្មវិធីសិក្សា និងសកម្មភាពជាតិរបស់ខ្លួន ដែលនាំឱ្យមានការមន្ទិលសង្ស័យអំពីចេតនារបស់ថៃក្នុងការដណ្តើមយកភាពជាម្ចាស់លើអារ្យធម៌ខ្មែរ។

អ្នកជំនាញយល់ថា ការដែលថៃដាក់បញ្ចូលទម្រង់អក្សរខ្មែរបុរាណទៅក្នុងកម្មវិធីសិក្សា ត្រូវបានមើលឃើញថាជាការទទួលស្គាល់ និងការលើកកម្ពស់តម្លៃនៃអក្សរដើម ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងតំបន់។ បញ្ហាមិនមែនស្ថិតនៅលើការរៀនសូត្រនោះទេ ប៉ុន្តែស្ថិតនៅលើការបំប្លែង ឬលួចចម្លងវប្បធម៌ខ្មែរ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ដែលនាំឱ្យបាត់បង់អត្តសញ្ញាណដើមនៃមរតកវប្បធម៌ខ្មែរ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា បានដាស់ស្មារតីប្រជាពលរដ្ឋខ្មែរ ឱ្យបង្កើនការយកចិត្តទុកដាក់ និងរៀនសម្លឹងមើលឱ្យបានវែងឆ្ងាយជាងបញ្ហាទឹកដី។ ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញថា ប្រទេសថៃបានកំពុងបន្តក្លែងបន្លំប្រវត្តិសាស្រ្ត។

បើតាមអ្នកជំនាញរូបនេះ ជំហរផ្លូវការរបស់ភាគីថៃ ដែលស្តែងចេញតាមរយៈការលើកឡើងជារឿយៗរបស់លោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានបង្ហាញយ៉ាងច្បាស់ថា ថៃតែងតែព្យាយាមបកស្រាយថាអារ្យធម៌ខ្មែរមិនមែនជាកម្មសិទ្ធិផ្តាច់មុខសម្រាប់តែកម្ពុជានោះឡើយ។

អ្នកជំនាញដដែលសង្កត់ធ្ងន់ថា នេះគឺជាការប៉ុនប៉ងបង្ហាញទៅកាន់ពិភពលោកថា ភាពជាម្ចាស់លើអារ្យធម៌ដ៏ថ្កុំថ្កើងរបស់ខ្មែរ គឺមានចំណែករបស់ប្រទេសថៃដែរ។ ជាងនេះទៅទៀត មហិច្ឆតានៃការទាមទារភាពជាម្ចាស់លើអារ្យធម៌ខ្មែរនេះ គឺគ្របដណ្តប់ទៅលើវប្បធម៌ខ្មែរទាំងមូល មិនមែនត្រឹមតែទឹកដីមួយភាគតូច ឬស្ថិតក្នុងរង្វង់ទីតាំងប្រាសាទបុរាណ​ដែលធ្លាប់មានជម្លោះនោះទេ ហើយថៃក៏ចង់បញ្ជាក់ផងដែរថា អ្វីដែលពួកគេកំពុងធ្វើសព្វថ្ងៃ គឺជាសង្គ្រាមដើម្បីការពារអារ្យធម៌។

លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា កម្ពុជា មិនត្រូវគិតត្រឹមតែផែនការរយៈពេលខ្លី ៥ ឆ្នាំខាងមុខនោះទេ ប៉ុន្តែត្រូវរួមគ្នារៀបចំយុទ្ធសាស្ត្រការពារដើម្បីធានាដល់អត្ថិភាព និងភាពគង់វង្សយូរអង្វែងនៃព្រលឹងជាតិខ្មែររាប់រយឆ្នាំទៅថ្ងៃអនាគត។

ដោយឡែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា បានរំលឹកថា ក្នុងសម័យមហានគរដ៏រុងរឿងរបស់កម្ពុជា ថៃទើបតែជាកុលសម្ព័ន្ធឡើយ ហើយបានទទួលឥទ្ធិពលវប្បធម៌ ទំនៀមទម្លាប់ ភាសា និងសាសនាយ៉ាងច្រើនលើសលប់ពីខ្មែរ។ លោកបណ្ឌិតបន្ថែមថា ទោះបីជាបច្ចុប្បន្ន ថៃបានបកស្រាយវែកញែក ក្នុងគោលបំណងកែប្រែការពិត ដោយអះអាងថាទទួលឥទ្ធិពលពីឥណ្ឌាក៏ដោយ ក៏ការប៉ុនប៉ងបំភាន់ ដើម្បីដណ្តើមគ្រប់គ្រងអរិយធម៌ខ្មែរ មិនអាចទៅរួចនោះដែរ ព្រោះប្រវត្តិសាស្ត្រពិតរបស់កម្ពុជាមានភស្តុតាងចងក្រងយ៉ាងច្បាស់លាស់ពីសំណាក់អ្នកស្រាវជ្រាវអន្តរជាតិ ទាំងអឺរ៉ុប ចិន និងរុស្ស៊ី ជាដើម។

ការប៉ុនប៉ងអះអាងសិទ្ធិគ្រប់គ្រង និងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ពីសំណាក់ភាគីថៃ លើទម្រង់សិល្បៈ វប្បធម៌ ប្រពៃណី ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទម្រង់សិល្បៈ វប្បធម៌ ប្រពៃណីខ្មែរ ក៏នៅតែជាប្រធានបទវែកញែកក្តៅកគុក និងជាក្តីបារម្ភរបស់សាធារណជនខ្មែរ។

ដូចគ្នានេះដែរ កន្លងមក អ្នកលេងបណ្តាញសង្គម និងស្ថាប័នវប្បធម៌ថៃមួយចំនួនតែងព្យាយាមរិះគន់កម្ពុជា ដែលបានស្នើបញ្ចូលសម្បត្តិវប្បធម៌ខ្មែរក្នុងបញ្ជី UNESCO ដោយជោគជ័យ ជាពិសេសរបាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្ខោនខោល ​ឬ ក្បាច់គុនបុរាណខ្មែរ ដោយអះអាងដោយឥតអៀនខ្មាស់ថា ​មរតកវប្បធម៌ទាំងនោះជារបស់ខ្លួន។

ថ្មីៗនេះទៀតសោត ថៃបានប៉ុនប៉ងទាញយក «អក្សរខម» ដែលដូនតាខ្មែរបានចារឹកនៅលើផ្ទាំងសិលាជញ្ជាំងប្រាសាទបុរាណ និងសាស្ត្រាស្លឹករឹតជាច្រើនរយឆ្នាំមកហើយនោះ ទៅកែខៃ ដើម្បីអះអាងថាជាកេរដំណែលវប្បធម៌របស់ថៃ ថែមទាំងមានបំណងរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិរបស់គេទៀតផង។

ចំពោះមុខយុទ្ធនាការទន្ទ្រានផ្នែកវប្បធម៌នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ព្រមទាំងអ្នកជំនាញប្រវត្តិសាស្ត្រ តែងតែចេញមុខផ្ដល់ភស្តុតាងវិទ្យាសាស្ត្រ និងការស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីការពារតថភាព។ ស្ថាប័នកម្ពុជាបានសង្កត់ធ្ងន់ថា ទោះបីជាវប្បធម៌មានការហូរចូល និងជះឥទ្ធិពលទៅវិញទៅមកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាក៏ដោយ ប៉ុន្តែការប៉ុនប៉ងបំភាន់ប្រវត្តិសាស្ត្រ កាត់ផ្តាច់ឫសគល់ដើម ឬការលួចចម្លងអត្តសញ្ញាណស្នូលរបស់ជាតិសាសន៍ដទៃ យកទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខ គឺជារឿងដែលមិនអាចទទួលយកបានឡើយ និងជាការរំលោភលើគោលការណ៍គោរពតម្លៃបេតិកភណ្ឌផងដែរ៕​ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា