កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍មូស្លីម ដើម្បីបង្ហាញភាពសម្បូរបែបនៃសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍មូស្លីម ដើម្បីបង្ហាញភាពសម្បូរបែបនៃសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍

កម្ពុជារៀបចំពិព័រណ៍ទេសចរណ៍មូស្លីម ដើម្បីបង្ហាញភាពសម្បូរបែបនៃសេវាកម្ម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍

«ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» នេះគឺជា មូលបទនៃវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ ដែលបានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានអាហារ រាជធានីភ្នំពេញ ហើយគ្រោងបញ្ចប់នៅថ្ងៃអាទិត្យ ទី១២កក្កដា។
 
ពិព័រណ៍លើកទី៣នេះ មានការចូលរួមតាំងបង្ហាញផលិតផលចំនួន១៥០ស្តង់ រួមទាំងផលិតផលពីធុរជនមូស្លីមមកពីឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ដោយអ្នករៀបចំរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ ២ម៉ឺននាក់។​
 
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីផ្សារទេសចរណ៍មូស្លីមនៅកម្ពុជា និងជាវេទិកាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ដើម្បីបង្កើនគុណភាពសេវាកម្មសម្រាប់ភ្ញៀវទេសចរមូស្លីម និងភ្ញៀវទេសចរអន្តរជាតិទូទៅ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំវេទិកា និងពិព័រណ៍នេះមានគោលបំណងសំខាន់ចំនួន៣។ ទីមួយ គឺបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងផ្តល់នូវទំនុកចិត្ត ក៏ដូចជាការទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅប្រៀបដូចជាក្រុមគ្រួសារ និងផ្ទះរបស់ខ្លួន។
 
ទីពីរ គឺផ្សព្វផ្សាយពីភាពសម្បូរបែប និងសក្ដានុពលនៃវិស័យទេសចរណ៍កម្ពុជា ព្រមទាំងសេវាកម្មដែលមានគុណភាព និងស្តង់ដារ ហើយទីបី គឺត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការផ្តល់សេវាកម្ម និងការទទួលបដិសណ្ឋារកិច្ចស្របតាមតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម ទាំងក្នុងស្រុក និងអន្តរជាតិ។
 
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា វេទិកានេះក៏ជាឱកាសសម្រាប់ពិភាក្សាអំពីនិន្នាការថ្មីៗនៃទីផ្សារទេសចរណ៍មូស្លីម ស្តាប់មតិយោបល់ និងសំណូមពរពីភាគីពាក់ព័ន្ធ ព្រមទាំងចែករំលែកបទពិសោធន៍ និងនវានុវត្តន៍ ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែច្បាស់លាស់ និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
 
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះបានបង្ហាញពីសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយស្មើភាព មិនប្រកាន់ជាតិសាសន៍ សាសនា វណ្ណៈ ឬពណ៌សម្បុរឡើយ។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ផ្តល់ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរគ្រប់រូប។
 
រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍ និងដៃគូពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍មូស្លីម និងបន្តបង្កើតផលិតផលទេសចរណ៍ថ្មីៗ សំដៅលើកកម្ពស់ភាពទាក់ទាញរបស់កម្ពុជា និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
 
រូបភាព៖ ជីម ភារ៉ា | អត្ថបទ៖ ជាវ ចន្ធូ

Advertisement
ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា