បារាំងសន្យាពង្រីកការវិនិយោគនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំងសន្យាពង្រីកការវិនិយោគនៅកម្ពុជា

បារាំងសន្យាពង្រីកការវិនិយោគនៅកម្ពុជា

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅស្ថានទូតបារាំងប្រចាំកម្ពុជា លោក នីកូឡា ហ្វ័ររីសៀ (Nicolas Forissier) រដ្ឋមន្រ្តីប្រតិភូអមក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានលើកឡើងថា បារាំងមានបំណងពង្រីកវត្តមានសហគ្រាសបារាំងនៅកម្ពុជាបន្ថែមទៀត ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ។
 
លោកបានបញ្ជាក់ថា បន្ទាប់ពីវិលត្រឡប់ទៅប្រទេសបារាំងវិញ លោកនឹងជំរុញ និងភ្ជាប់ក្រុមហ៊ុនបារាំងឱ្យស្វែងរកឱកាសវិនិយោគនៅកម្ពុជាកាន់តែច្រើន តាមរយៈសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងប្រចាំកម្ពុជា។ លោកចាត់ទុកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមូលដ្ឋានដ៏សំខាន់សម្រាប់អនាគតរួមរបស់ប្រទេសទាំងពីរ។
 
លោក នីកូឡា ហ្វ័ររីសៀ បានសម្តែងក្តីជឿជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ នឹងក្លាយជាឱកាសដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីបារាំង ក៏ដូចជាប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងៗទៀត ដែលនឹងមើលឃើញពីសក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគរបស់កម្ពុជា។
 
លោកក៏បានសង្កត់ធ្ងន់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។ វត្តមានរបស់ប្រមុខរដ្ឋបារាំង ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងឱ្យកាន់តែរឹងមាំ។
 
លោក នីកូឡា ហ្វ័ររីសៀ បានវាយតម្លៃថា ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះនៅកម្ពុជារបស់លោក គឺមានសារៈសំខាន់ក្នុងការបង្ហាញពីការពង្រឹងចំណងមិត្តភាព និងភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោកបន្ថែមថា បារាំងនឹងបន្តជំរុញការវិនិយោគលើវិស័យដែលស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា។
 
បច្ចុប្បន្ន មានក្រុមហ៊ុនបារាំងជាង ២០០ ក្រុមហ៊ុនកំពុងវិនិយោគ និងប្រតិបត្តិការនៅកម្ពុជា លើវិស័យជាច្រើន រួមមាន ការដឹកជញ្ជូន ថាមពល ហិរញ្ញវត្ថុ ទេសចរណ៍ សណ្ឋាគារ សុខាភិបាល និងសំណង់។
 
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងបានឈានដល់ ១ពាន់ ៧៥០លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ កើនឡើង ១៧,៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ចំណែកការវិនិយោគផ្ទាល់ពីបារាំងនៅកម្ពុជា បានកើនដល់ ៦៩២ លានអឺរ៉ូ ក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ២៥ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។
 
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

Advertisement
ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា