អ្នកជំនាញទម្លាយការពិត៖គ្មានអក្សរថៃលើសិលាចារឹកបុរាណឡើយ សូម្បីស្តេចថៃជំនាន់មុនក៏ប្រើអក្សរខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញទម្លាយការពិត៖គ្មានអក្សរថៃលើសិលាចារឹកបុរាណឡើយ សូម្បីស្តេចថៃជំនាន់មុនក៏ប្រើអក្សរខ្មែរ

អ្នកជំនាញទម្លាយការពិត៖គ្មានអក្សរថៃលើសិលាចារឹកបុរាណឡើយ សូម្បីស្តេចថៃជំនាន់មុនក៏ប្រើអក្សរខ្មែរ

ភ្នំពេញ៖ ក្នុងប្រវត្តិសាស្ត្រថៃមិនមានអក្សរផ្ទាល់ខ្លួននៅលើសិលាចារឹកនោះទេ។ អ្នកជំនាញប្រវត្តិសាស្ត្របានទម្លាយការពិតថា សូម្បី​តែ​​ព្រះមហាក្សត្រថៃជំនាន់មុន ក៏សុទ្ធតែបានប្រើប្រាស់អក្សរខ្មែរយ៉ាងទូលំទូលាយផងដែរ។

Advertisement

ក្នុងចំណោមបញ្ញវន្ត និងអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ប្រទេសថៃ គឺសុទ្ធសឹងតែបានទទួលស្គាល់នូវឫសគល់អរិយធម៌​ដ៏​ចំណាស់ និងឥទ្ធិពលដ៏មានវិសាលភាពរបស់ខ្មែរជាពិសេសគឺ «អក្សរខម» ។នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន AMS បណ្ឌិត វង់ សុធារ៉ា ដែលជាអ្នកជំនាញប្រវត្តិសាស្រ្តរបស់កម្ពុជា បានពន្យល់​ដោយ​ផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងភស្តុតាងវិទ្យាសាស្ត្រច្បាស់លាស់ថា រាល់កំណត់ត្រាបុរាណទាំងឡាយ ទោះជាកត់ត្រានៅលើ​ផ្ទាំងថ្ម ឬចារនៅលើសន្លឹកមាសក្តី គឺពុំដែលមានការរំលេចតួអក្សរថៃទាល់តែសោះ។ លោកបានលាតត្រដាងការពិតថា រហូត​មកដល់ទសវត្សរ៍ឆ្នាំ ១៥៨០ ទើបគេចាប់ផ្តើមឃើញមានវត្តមានភាសាថៃ ដែលត្រូវបានកត់ត្រាដោយប្រើប្រាស់តួអក្សរខ្មែរ បន្សល់ទុកនៅលើផ្ទាំងសិលានៅក្នុងដែនដីអយុធ្យា។

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា សូម្បីតែនៅក្នុងរាជវាំងថៃនាសម័យនោះ មិនថាជាការកត់ត្រាព្រះរាជកិច្ច ឬការតែងតាំងមន្ត្រី​រាជ​ការនានាឡើយ គឺព្រះមហាក្សត្រថៃសម័យដើម តែងតែប្រើប្រាស់អក្សរខ្មែរជាផ្លូវការក្នុងការដោះស្រាយកិច្ចការរដ្ឋជានិច្ច។
ភស្តុតាងមិនអាចប្រកែកបានទាំងនេះ បានសហការគ្នាយ៉ាងរឹងមាំក្នុងការបង្ហាញថា «អក្សរខម» គឺជាមរតកវប្បធម៌ដ៏ពិត​ប្រាកដ​របស់ដូនតាខ្មែរ ដែលបានជះឥទ្ធិពលយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជិតខាង។

ការលើកឡើងរបស់អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងប្រតិកម្មនាពេលថ្មីៗនេះ ជុំវិញករណីដែល​ប្រទេស​ថៃបានសម្រេចដាក់បញ្ចូលតួអក្សរខ្មែរ ដោយពួកគេប្តូរឈ្មោះហៅថាអក្សរ «ខម-ថៃ» ទៅក្នុងកម្មវិធីសិក្សា​ផ្លូវការរបស់​ខ្លួន។

ចំពោះមុខបញ្ហានេះ អ្នកជំនាញកម្ពុជាបានអះអាងថា អក្សរ «ខម-ថៃ» គឺពិតជាអក្សរខ្មែរទាំងស្រុង ដោយភាគីថៃគ្រាន់តែយកទៅ​កែច្នៃ​បន្ថែមស្រះ និងជើងត្រួតគ្នាច្រើន ដើម្បីតម្រូវទៅតាមការប្រកបសំនៀងនៃភាសាថៃតែប៉ុណ្ណោះ ប៉ុន្តែឫសគល់អក្ខរក្រម និងទម្រង់តួអក្សរគឺជារបស់ខ្មែរពិតប្រាកដ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ថា ការដែលថៃដាក់បញ្ចូលទម្រង់អក្សរខ្មែរបុរាណ​ទៅក្នុងកម្មវិធី​សិក្សា ជាការទទួលស្គាល់ និងការលើកកម្ពស់តម្លៃនៃអក្សរដើម ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងតំបន់។ បញ្ហានេះ មិនមែនស្ថិត​នៅលើការរៀនសូត្រនោះទេ ប៉ុន្តែស្ថិតនៅលើការ បំប្លែង ឬលួចចម្លង វប្បធម៌ខ្មែរ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ដែលនាំឱ្យបាត់បង់​អត្តសញ្ញាណដើមនៃមរតកវប្បធម៌ខ្មែរ។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញពាក់ព័ន្ធនានា បានអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវត្រៀមលក្ខណៈ​ឆ្លើយ​តបប្រកបដោយហេតុផល និងភស្តុតាង ចំពោះរាល់ការប៉ុនប៉ងកាឡៃ ឬទាញយកមរតកអក្សរសាស្ត្រ និងវប្បធម៌ខ្មែរធ្វើ​ជាកម្មសិទ្ធិ​ពីសំណាក់ប្រទេសជិតខាង។

ទន្ទឹមនឹងនេះ អ្នកជំនាញក៏បានទទូចដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតែរួមគ្នាប្រើប្រាស់អក្សរខ្មែរដែលជាភាសាជាតិ ឱ្យបានត្រឹម​ត្រូវ និងខ្ជាប់ខ្ជួនបំផុតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕
ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា