រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ

រដ្ឋបាលរាជធានីភ្នំពេញ ជំរុញការផ្តល់សេវារដ្ឋបាលតាមច្រកចេញចូលតែមួយ

អង្គប្រជុំស្តីពីការចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកក្ដដា២០២៦នេះ ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញកាន់តែល្អប្រសើរបន្ថែមទៀត ពិសេសផ្តោតសំខាន់លើការផ្តល់សេវាសុរិយោដី និងសំណង់។

Advertisement

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និង ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបង្កើតឡើងបាន៨ឆ្នាំហើយ ហើយសេវាប្រមាណ៩៨% បានចូលមកតាមច្រកនេះ ជាមួយនិងភាពលឿនរហ័សទាន់ចិត្ត ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្នុងឆមាសទី១ឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញបានផ្តល់សេវាជូនពលរដ្ឋបានជាង១២ម៉ឺនសេវា។ ក្រៅពីរាជធានីភ្នំពេញ អង្គភាពច្រកចេញចូលតែមួយក៏មាននៅតាមខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ផងដែរ។

ក្នុងនាមអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ឯកឧត្ដម ឃួង ស្រេង សន្យាបន្តការងារនេះកាន់តែល្អជាងមុនថែមទៀត ដែលថ្នាក់ជាតិប្រគល់ជូន។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់ខណ្ឌត្រូវពិនិត្យជាប្រចាំនៅតាមច្រកចេញចូលតែមួយ ទាំងនៅថ្នាក់ខណ្ឌ និងសង្កាត់ ធ្វើយ៉ាងណាឱ្យការផ្តល់សេវានេះទទួលបានការគាំទ្រ ជឿទុកចិត្ត ពេញចិត្តពីប្រជាពលរដ្ឋ ដោយត្រូវអនុវត្តការងារនេះឱ្យបានព្រមៗគ្នា។

ចំណែក ឯកឧត្ដមសួស ប្រាថ្នា បានមានប្រសាសន៍ដែរថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងពិនិត្យមើលអំពីវឌ្ឍនៈភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយប្រមូលយកបញ្ហាប្រឈមសេសសល់មួយចំនួនមកពិភាក្សា ដើម្បីឱ្យការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ មានរយៈពេលខ្លី សាមញ្ញា និងមានភាពងាយស្រួលជាងមុន កាត់បន្ថយការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។

ឯកឧត្ដមសួស ប្រាថ្នា បានបន្តថា៖ ដើម្បីឱ្យការបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុនថែមទៀតនោះ យើងត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ពិភាក្សាគ្នា ធ្វើយ៉ាងណាឱ្យឯកសារដែលត្រូវផ្តល់ជូនពីប្រជាពលរដ្ឋ មានភាពសាមញ្ញ ខ្លីនិងងាយស្រួលជាងមុន។ត្រូវប្រជុំលើការងារនេះឱ្យបាន៣ដងក្នុង១ខែ ជាមួយនិងចាត់មន្ត្រី ឱ្យចុះតាមដាន ពិនិត្យមើលជាប្រចាំ នៅថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ដោយឡែក តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ផងដែរថាមានសេវា២ប្រភេទ ដែលចាំបាច់និងសំខាន់ នោះគឺ សេវាសុរិយោដី និងសេវាសំណង់ ព្រោះវាពាក់ព័ន្ធខ្លាំងជាមួយប្រជាពលរដ្ឋ និងអ្នកវិនិយោគ មិនថានៅក្នុង ឬ ក្រៅស្រុកទេ។ ថ្ងៃនេះ ក្រសួងដែនដីត្រូវពិនិត្យរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរកគន្លឹះដោះស្រាយឱ្យកាន់តែល្អ ខ្លី សាមញ្ញ ជូនពលរដ្ឋ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា