សម្តេចធិបតីអំពាវនាវឱ្យវិនិយោគលើយុវជន ដើម្បីធានាអនាគតកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីអំពាវនាវឱ្យវិនិយោគលើយុវជន ដើម្បីធានាអនាគតកម្ពុជា

សម្តេចធិបតីអំពាវនាវឱ្យវិនិយោគលើយុវជន ដើម្បីធានាអនាគតកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធរួមគ្នាវិនិយោគលើប្រជាជនវ័យក្មេង ដោយចាត់ទុកថា នេះជាកត្តាគន្លឹះក្នុងការប្រែក្លាយ «ភាគលាភប្រជាសាស្ត្រ» ទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

Advertisement

ក្នុងសារលិខិតអបអរសាទរទិវាប្រជាជនពិភពលោកលើកទី៣៧ ក្រោមប្រធានបទ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត» សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការអភិវឌ្ឍប្រទេសមិនអាចកើតមានបានឡើយ បើគ្មានការចូលរួមសកម្មរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់។ ក្តីសង្ឃឹមនិងសេចក្តីប្រាថ្នារបស់ពួកគេ គឺជាគន្លងដ៏សំខាន់សម្រាប់ការកសាង សង្គមប្រកបដោយសន្តិភាព សមភាព និងភាពរីកចម្រើន។

សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រដ៏មានតម្លៃ ដោយប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានសមាមាត្រខ្ពស់។ ទោះជាយ៉ាងណា ឱកាសនេះនឹងមិនអាចផ្តល់ផលប្រយោជន៍ដោយស្វ័យប្រវត្តិនោះទេ ប្រសិនបើគ្មានការវិនិយោគត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ការបណ្តុះបណ្តាលជំនាញ សុខភាព សុខភាពផ្លូវចិត្ត ការបង្កើតការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គមដែលអនុញ្ញាតឱ្យយុវជនអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ។

យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ កម្ពុជាមានប្រជាជនប្រមាណ ១៧,៣ លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%, វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦%, វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។ ទិន្នន័យនេះបង្ហាញថា កម្ពុជានៅតែមានមូលដ្ឋានធនធានមនុស្សដ៏រឹងមាំ ដែលអាចក្លាយជាកម្លាំងអភិវឌ្ឍន៍ជាតិ ប្រសិនបើមានការវិនិយោគត្រឹមត្រូវ។

ប៉ុន្តែ ការព្យាករប្រជាជនបង្ហាញថា នៅឆ្នាំ២០៥០ សមាមាត្រប្រជាជនវ័យក្មេងនឹងថយចុះ ខណៈប្រជាជនវ័យចាស់នឹងកើនឡើង។ នេះមានន័យថា ពេលវេលាដ៏ល្អបំផុតក្នុងការវិនិយោគលើយុវជន គឺ «ឥឡូវនេះ»។ សម្តេចធិបតីបានព្រមានថា ប្រសិនបើខកខាន កម្ពុជាអាចប្រឈមនឹងបញ្ហាកង្វះកម្លាំងពលកម្មជំនាញ និងបន្ទុកសេដ្ឋកិច្ច-សង្គមកាន់តែធ្ងន់ធ្ងរនាពេលអនាគត។

ដើម្បីធានាថាយុវជនក្លាយជាកម្លាំងអភិវឌ្ឍន៍ជាតិ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពសំខាន់ៗ រួមមាន ការពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន ការវិនិយោគលើការអប់រំ ជំនាញវិជ្ជាជីវៈ ជំនាញឌីជីថល និងសហគ្រិនភាព ការពង្រឹងសុខភាព និងសុខុមាលភាព ការគាំពារក្រុមងាយរងគ្រោះ។ល។ ទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់សង្គមវ័យចំណាស់ តាមរយៈការរៀបចំប្រព័ន្ធសុខាភិបាល ការគាំពារសង្គម ប្រាក់សោធននិវត្តន៍ និងសេវាថែទាំរយៈពេលវែង។

សម្តេចធិបតីបានអំពាវនាវដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាលើកកម្ពស់សក្តានុពលរបស់យុវជន ដើម្បីធានាថា ក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ពួកគេ នឹងក្លាយជាការពិត និងជាមូលដ្ឋានរឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា