សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ»   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ»  

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ»  

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ» ក្នុងគោល បំណងជួយគាំទ្រដល់សហគ្រិន អ្នកផលិតក្នុងស្រុក ឱ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងម៉ាកយីហោ និង ការបង្កើតមាតិកាប្រកបដោយគុណភាពនឹង ក្លាយជាកត្តាសំខាន់ ក្នុងការជួយឱ្យផលិតផលខ្មែរកាន់តែមានសមត្ថភាព ប្រកួតប្រជែងទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិតាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។

Advertisement


 
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងមានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពីក្រសួង សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារដុំលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។
 
ក្នុង​ឱកាសសិក្ខាសាលានេះ ឯកឧត្តម​ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក​​​​​សភាពាណិជ្ជកម្ម​កម្ពុជា ​ថ្លែងថា ក្នុងយុគសម័យនៃការតភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ទីផ្សារលែងកំណត់ត្រឹមតែព្រំដែនភូមិសាស្ត្រទៀតហើយ ខណៈដែលគុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះ ប៉ុន្តែ «ការ​ធ្វើ​ឲ្យ​គេ​ស្គាល់​ផលិត​ផល​» គឺជាកត្តាកំណត់ជោគជ័យ។ ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីពិភាក្សា ស្វែង​យល់​ពី​ «ការ​កសាង​ម៉ាកយីហោ​ឌីជីថល» ដែលពិភពលោកបានផ្លាស់ប្តូរ។
 


ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានមានប្រសាសន៍បន្តថា កាលពីអតីតកាល អាជីវកម្មភាគច្រើនពឹងផ្អែកលើ ទីតាំង និង ទំនាក់ទំនងផ្ទាល់ ដើម្បីលក់ផលិតផល។ ប៉ុន្តែក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ទីតាំងរបស់អាជីវកម្មបានផ្លាស់ប្តូរមកស្ថិតនៅក្នុង ទូរស័ព្ទដៃរបស់អតិថិជន។ ដូច្នេះ ការបង្កើតវត្តមានលើប្រព័ន្ធឌីជីថល និងការផលិតមាតិកាប្រកបដោយគុណភាព គឺជាកត្តាចាំបាច់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម។
 
ឯកឧត្តមឧកញ៉ា បានបញ្ជាក់ថា ទោះបីជាផលិតផលមានគុណភាពល្អយ៉ាងណាក៏ដោយ ប្រសិនបើខ្វះមាតិកា និងរូបភាព (Visual Content) ដែលមានភាពទាក់ទាញ និងអាចបង្កើតការចាប់អារម្មណ៍ នោះនឹងពិបាកទាក់ទាញអតិថិជនជំនាន់ថ្មី។ អតិថិជនសម័យបច្ចុប្បន្ន មិនសម្រេចចិត្តទិញដោយផ្អែកលើតម្លៃ ឬព័ត៌មាននៅលើស្លាកផលិតផលតែមួយមុខនោះទេ ប៉ុន្តែពួកគេសម្រេចចិត្តទិញដោយផ្អែកលើ អារម្មណ៍ និង ទំនុកចិត្ត ដែលកើតចេញពីបទពិសោធន៍នៃការទស្សនាមាតិកាឌីជីថល និងការយល់ឃើញចំពោះម៉ាកយីហោ។


 
ឯកឧត្តម​ឧកញ៉ា ងួន ម៉េងតិច គូសបញ្ជាក់ថា នៅក្នុងសម័យកាលនេះ ម៉ាកយីហោ (Brand) មិនមែនគ្រាន់តែជាស្លាកសញ្ញានោះទេ តែវាគឺជា «សាច់រឿង» ដែលអតិថិជនចង់ស្តាប់។ ចំពោះសហគ្រិនខ្មែរ ការធ្វើ Digital Branding ផ្តល់នូវអត្ថប្រយោជន៍ចម្បងដូចជា ពីសហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្ត អាចក្លាយជាម៉ាកយីហោដែលគេស្គាល់ទូទាំងប្រទេស និងឈានទៅទីផ្សារអន្តរជាតិ ដោយមិនចាំបាច់មានហាងផ្ទាល់ខ្លួនគ្រប់ទីកន្លែង។

ឯកឧត្តម​ឧកញ៉ា ងួន ម៉េងតិច បន្ថែមថា អតិថិជនសម័យ​ថ្មី​ ផ្ដោតខ្លាំងលើបទពិសោធន៍មើលឃើញ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ មិនត្រឹមតែបង្ហាញពីផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល ឱ្យក្លាយជាជម្រើសដែលអតិថិជនមិនអាចរំលងបាន, ការរៀបចំមាតិកាឌីជីថលឱ្យមានភាពច្នៃប្រឌិត និងស៊ីវិល័យ ជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលខ្មែរ ធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគុណភាព មិនចាញ់ផលិតផលនាំចូលឡើយ។


 
សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំ​របស់អ្នកឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច​អាស៊ាន​សម្រាប់កម្ពុជា បានប្តេជ្ញាជំរុញឱ្យផលិតផលខ្មែរមានវត្តមានគ្រប់ទីកន្លែង ដើម្បីឱ្យផលិតផលយើងមានទីផ្សារ យើងត្រូវផ្តោតលើការកសាងម៉ាកយីហោឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រាប់ពីប្រភពដើម និងតម្លៃនៃផលិតផល, គុណភាព និងការវេចខ្ចប់ ត្រូវយកចិត្តទុកដាក់លើស្តង់ដារ និងការរចនា (Design) ដែលទាក់ទាញភ្នែកអតិថិជន, លេខកូដផលិតផល គឺការប្រើប្រាស់លេខកូដ ៨៨៤ គឺជាការបញ្ជាក់ពីអត្តសញ្ញាណជាតិ និងជាការធានានូវភាពសុក្រឹតក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់។

ឯកឧត្តម​ឧកញ៉ា ងួន ម៉េងតិច លើកឡើងថា ការធ្វើយុទ្ធនាការ​ឌីជីថល គឺ​មាន​ «ភាពចាំបាច់» សម្រាប់ការ​ឈរ​ជើង​លើទីផ្សារ​ និងការរីកចម្រើនរបស់សហគ្រាស។ ឯកឧត្តម​ឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះ នឹងជួយ​តម្រាយ​ផ្លូវ​ឱ្យធុរជនយើងមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយកជ័យ​ជម្នះ​លើទីផ្សារឌីជីថល ព្រមទាំង ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តពង្រឹងសមត្ថភាពធុរជនក្នុងស្រុក ជំរុញបរិវត្តកម្មឌីជីថល និងពង្រីកឱកាសនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។
 
ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក តែងតែសហការ និងគាំទ្រយ៉ាងសកម្មជាមួយសភាពាណិជ្ជកម្មកម្ពុជា តាមរយៈស្ថាប័ន ជីអេស១ កម្ពុជា (GS1 Cambodia) ក្នុងគោលបំណងជំរុញបរិយាបន្នហិរញ្ញវត្ថុ ការធ្វើពិពិធកម្មផលិតផល ព្រមទាំងការលើកកម្ពស់សក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។


 
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងនៅលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្នបាន ម្ចាស់អាជីវកម្មពិតជាចាំបាច់ត្រូវមានទុនគ្រប់គ្រាន់ ការធ្វើទីផ្សារបែបឌីជីថល និងការផ្សព្វផ្សាយម៉ាកយីហោឱ្យមានភាពទាក់ទាញ»។
 
លោកបានបន្ថែមថា ដើម្បីគាំទ្រដល់វឌ្ឍនភាពនេះ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវឥណទានអាជីវកម្ម ដែលមានអត្រាការប្រាក់សមរម្យបំផុតចាប់ពី ៦,៥% ក្នុងមួយឆ្នាំ ជាមួយរយៈពេលឥណទានវែងរហូតដល់ ១៥ឆ្នាំ ដែលជួយកាត់បន្ថយទំហំនៃការបង់ប្រាក់ត្រឡប់មកវិញប្រចាំខែ និងបង្កើនភាពងាយស្រួលក្នុងការគ្រប់គ្រងលំហូរសាច់ប្រាក់។ លើសពីនេះ សេវាឥណទានរបស់ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ក៏មានភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង បូករួមទាំងសេវាធនាគារឌីជីថល (Digital Banking) ដ៏សម្បូរបែប ដែលជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុទាំងក្នុងអាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះជំនាញពាក់ព័ន្ធនឹង៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និងម៉ាកយីហោតាមបណ្តាញផ្សព្វផ្សាយសង្គម, ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ, ទទួលបានចំណេះដឹងអំពីជម្រើសហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ, ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា