អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

អាជ្ញាធរជាតិអប្សរា បើកការជួសជុលច្រាំងស្រះប្រវត្តិសាស្ត្រអង្គរវត្ត

ភ្នំពេញ៖រចនាសម្ព័ន្ធច្រាំងកសិន្ធុ ឬស្រះខាងលិចនៃប្រាសាទអង្គរវត្ត ដែលជាចំណុចយុទ្ធសាស្ត្រដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ក្នុងការឈរផ្ដិតយករូបភាពដ៏ស្កឹមស្កៃរបស់តួប្រាសាទពីចម្ងាយ ពេលនេះកំពុងត្រូវបាននាយកដ្ឋានអភិរក្ស​ប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមដំណើរការជួសជុលឡើងវិញហើយ។

Advertisement

នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធច្រាំងកសិន្ធុខាង​លិច​ប្រាសាទអង្គរវត្ត ផ្នែកខាងក្នុងខាងជើងស្ពានហាល ប្រវែង ២០ ម៉ែត្រ។ ទីតាំងនេះបានរងការដួលរលំជាបន្តបន្ទាប់នាពេល​កន្លងមកដោយសារតែកត្តាធម្មជាតិ និងអាយុកាលដ៏យូរលង់នៃតួថ្ម។នេះបើយោងតាមប្រភពអាជ្ញាធរជាតិអប្សរា។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានរៀបរាប់ថា ការសម្រេចចិត្តបើកការជួសជុលនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់​ដឹកនាំស្ថាប័នបានចុះពិនិត្យផ្ទាល់ និងឃើញពីស្ថានភាពទ្រុឌទ្រោមខ្លាំង។ ម្យ៉ាងវិញទៀត ទីតាំងច្រាំងកសិន្ធុនេះ គឺជាចំណុច​យុទ្ធសាស្ត្រ​ដ៏មានប្រជាប្រិយភាព ដែលភ្ញៀវទេសចរតែងតែនិយមមកឈរថតរូបផ្ដិតយកទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ​វត្តពីចម្ងាយ។

ប្រភពដដែលរំលេចឱ្យដឹងថា ផ្អែកតាមប្រវត្តិជួសជុល ទីតាំងនេះធ្លាប់ត្រូវបានស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា ធ្វើការជួសជុលរួចម្ដងមកហើយ នៅចន្លោះឆ្នាំ ១៩៨៦ ដល់ ១៩៩៣ ដែលមានប្រវែងសរុប ១៤០ ម៉ែត្រ គិតចាប់ពីស្ពាន​ហាលទៅ។ ទោះជាយ៉ាងណា ដោយសារ​ប្រព័ន្ធបង្ហូរទឹកដោះទឹកភ្លៀងបុរាណរងការខូចខាត មិនអាចរំដោះទឹកបានទាន់ពេល ធ្វើឱ្យទឹកហូរច្រោះដីពីផ្នែក​ខាងក្រោមរចនាសម្ព័ន្ធ បណ្ដាលឱ្យច្រាំងកសិន្ធុដួលរលំនៅផ្នែកខាងចុងប្រវែងប្រហែល ៨ ម៉ែត្រ។

ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរជាតិអប្សរាបានបង្កើតគម្រោងជួសជុលបន្តពីកន្លែងដួលរលំ សរុបប្រវែង ២០ ម៉ែត្រ ដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍ដែលធ្លាប់ទទួលបានជោគជ័យពីការជួសជុលច្រាំងកសិន្ធុប៉ែកខាងក្រៅ។ ទោះ​យ៉ាងណា ដំណើរការការងារត្រូវគោរពតាមបច្ចេកទេសបុរាណទាំងស្រុង ដោយចាប់ផ្ដើមពីការរើបំណែកថ្មដែលដួលរលំ ការរៀបចំនិងបុកបង្ហាប់គ្រឹះដីឥដ្ឋឡើងវិញ រួមទាំងការរៀបតម្រៀបថ្មបាយក្រៀម និងដំឡើងថ្មភក់ពីលើ។

ទាក់ទិននឹងសម្ភារៈសំណង់ លោក អន សុភាព បានបញ្ជាក់ថា ដោយសារកត្តាអាយុកាល ធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្រោម​រងការខូចខាត និងបាត់បង់រូបរាងស្ទើរតែទាំងស្រុង ដែលតម្រូវឱ្យក្រុមការងារប្រើប្រាស់ថ្មថ្មីមកជំនួសច្រើន ចំណែកឯថ្មភក់វិញ​គឺនៅសេសសល់ច្រើនអាចប្រើប្រាស់ឡើងវិញបាន។ លោកបានបន្ថែមថា រចនាសម្ព័ន្ធច្រាំងកសិន្ធុខាងជើងប៉ែកខាងក្នុងនេះ មានរូបរាងស្រដៀងគ្នានឹងប៉ែកខាងក្រៅដែរ ប៉ុន្តែវាមានចំណុចខុសគ្នាបន្តិចបន្តួចត្រង់ចំនួនកាំជណ្តើរ ពោលគឺផ្នែកខាងក្នុង​មានជណ្តើរធ្វើពីថ្មបាយក្រៀម ៦ កាំ និងថ្មភក់ ៤ កាំ ខុសពីខាងក្រៅដែលមានថ្មបាយក្រៀម ៧ កាំ និងថ្មភក់ ៣ កាំ។

អ្នកជំនាញរូបនេះ មានសុទិដ្ឋិនិយមថា ក្រោយពេលបញ្ចប់ការដ្ឋាន ច្រាំងកសិន្ធុប្រវត្តិសាស្ត្រនេះនឹងលេចចេញរូបរាងដ៏រឹងមាំ និងស្រស់ស្អាតឡើងវិញ ដែលនឹងជួយលើកតម្លៃសោភ័ណភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញទ្វេដង សម្រាប់ ស្វាគមន៍​ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕
ដោយ៖ ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា