ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ

ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម អឺអិណុ អាត្សឹស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយ សន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះឯកឧត្តម ឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ដោយក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែលសម្រេចបានក្នុង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងអាណត្តិរបស់ឯកឧត្តមឯកអគ្គរាជទូត ហើយបានវាយតម្លៃ ខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើច្រើនវិស័យ រួមទាំងការចុះហត្ថលេខាលើគម្រោងជាច្រើនក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសរសើរអំពីតួនាទីសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការសម្រប សម្រួលការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជាពិសេសជោគជ័យនៃ ដំណើរទស្សនកិច្ចការងារផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដែលជាទស្សនកិច្ចនៅជប៉ុន លើកដំបូងរបស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នាលើវិស័យសំខាន់ៗនៃ សហប្រតិបត្តិការរួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ និងការ ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិ។ ភាគីទាំងពីរបានយល់ស្របគ្នាថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន គួរតែត្រូវបន្តពង្រឹងបន្ថែមទៀត និងពង្រីកទៅវិស័យថ្មីៗ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅ មកកាន់តែធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការរីករាយ ដែលបានឃើញប្រទេសកម្ពុជាបន្តសម្រេច បាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទូត និងហេដ្ឋារចនាសម្ព័ន្ធ ទោះបីស្ថានភាពសេដ្ឋកិច្ច និងនយោបាយសកលមានការប្រែប្រួលយ៉ាងណាក៏ដោយ។ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្តល់ការគាំទ្រដ៏រឹងមាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធដល់បេសកកម្មការទូតរបស់ឯកឧត្តម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធ នឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់ជប៉ុនដល់ជន ភៀសសឹកកម្ពុជានៅតាមបណ្តោយព្រំដែន។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល ជប៉ុននឹងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយបានសម្តែងនូវឆន្ទៈ និងការត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះព្រំដែនដោយ សន្តិវិធី និងការស្តារទំនាក់ទំនងកម្ពុជា-ថៃ ឡើងវិញ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា