សារមន្ទីរខេត្តកំពង់ឆ្នាំងតាំងបង្ហាញវត្ថុបុរាណអាយុកាលជាង ១៦០ឆ្នាំ ដែលរកឃើញក្នុងរណ្តៅសីមាវត្តបឹងខ្នារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរខេត្តកំពង់ឆ្នាំងតាំងបង្ហាញវត្ថុបុរាណអាយុកាលជាង ១៦០ឆ្នាំ ដែលរកឃើញក្នុងរណ្តៅសីមាវត្តបឹងខ្នារ

សារមន្ទីរខេត្តកំពង់ឆ្នាំងតាំងបង្ហាញវត្ថុបុរាណអាយុកាលជាង ១៦០ឆ្នាំ ដែលរកឃើញក្នុងរណ្តៅសីមាវត្តបឹងខ្នារ

វត្ថុបុរាណជាច្រើនប្រភេទដែលមានអាយុកាលជាង ១៦០ឆ្នាំ កំពុងដាក់តាំងបង្ហាញជូនសាធារណជនទស្សនានៅសារមន្ទីរខេត្តកំពង់ឆ្នាំង។ វត្ថុទាំងនេះត្រូវបានរកឃើញ និងគាស់ចេញពីរណ្តៅសីមានៃវត្តបឹងខ្នារ កាលពីជាង ១០ឆ្នាំមុន។

Advertisement

វត្ថុបុរាណ និងកាក់បុរាណរាប់ពាន់បំណែក ដែលត្រូវបានរកឃើញដោយចៃដន្យកាលពីឆ្នាំ២០១២ នៅទីតាំងព្រះវិហារចាស់នៃវត្តបឹងខ្នារ ស្ថិតក្នុងភូមិវត្ត ឃុំខ្នារឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន បន្ទាប់ពីត្រូវបានយកមកដាក់តាំងបង្ហាញក្នុងទូកញ្ចក់នៅសារមន្ទីរខេត្តកំពង់ឆ្នាំង។

របាយការណ៍ស្រាវជ្រាវ និងអភិរក្សវត្ថុសិល្បៈរបស់វិទ្យាស្ថានជាតិជប៉ុន ណារ៉ា បញ្ជាក់ថា វត្ថុបុរាណទាំងនេះគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ទោះបីមិនទាន់អាចកំណត់បានច្បាស់លាស់ពីពេលវេលាពិតប្រាកដ ដែលវត្ថុទាំងនោះត្រូវបានបញ្ចុះក្នុងរណ្តៅសីមាក៏ដោយ។

លោក សន ចាន់ធឿន ប្រធានការិយាល័យសារមន្ទីរខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្ទាប់ពីឆ្លងកាត់ការសម្អាត អភិរក្ស និងជួសជុលដោយក្រុមអ្នកជំនាញ ធ្វើឱ្យវត្ថុបុរាណទាំងនេះអាចតាំងបង្ហាញជាសាធារណៈបាន។ ក្នុងចំណោមវត្ថុដែលបានរកឃើញ មានកុលាលភាជន៍ចំនួន ៩៧វត្ថុ ភាគច្រើនជាចានបាយ និងចានគោម មានប្រភពមកពីប្រទេសជប៉ុន ចិន និងវៀតណាម។

ដោយឡែក កាក់បុរាណវិញ មានចំនួនរហូតដល់ ១ ៥៤១កាក់ ភាគច្រើនជាកាក់ប្រាក់សម័យឥណ្ឌូចិនបារាំង ផលិតក្នុងចន្លោះឆ្នាំ ១៨៩១ ដល់ ១៩២១ លើកលែងតែឆ្នាំ ១៩០៤, ១៩០៥, ១៩០៧ និង ១៩១៥ ប៉ុណ្ណោះ ដែលមិនឃើញមានវត្តមានកាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺការរកឃើញកាក់កម្ររបស់ខ្មែរ ផលិតក្នុងឆ្នាំ១៨៦០ ដែលមានរំលេចអក្សរយ៉ាងច្បាស់នៅផ្នែកខាងមុខថា “នរោត្តម ស្តេចនៃកម្ពុជា”។

ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រទាំងនេះ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា វត្ថុប្រើប្រាស់ដ៏ល្អប្រណិតទាំងនេះ ទំនងជាត្រូវបានពុទ្ធបរិស័ទយកទៅដាក់តម្កល់ក្នុងរណ្តៅសីមា នៅពេលវត្តកសាងព្រះវិហាររួចរាល់ និងរៀបចំពិធីបញ្ចុះសីមា។ ការរកឃើញនេះបានឆ្លុះបញ្ចាំងពីជំនឿ ប្រពៃណី និងសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកខ្មែរនាសម័យនោះ។

បច្ចុប្បន្ន វត្ថុបុរាណទាំងនេះ កំពុងទាក់ទាញសិស្ស និស្សិត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់ចូលទស្សនា និងសិក្សាស្វែងយល់ពីមរតកវប្បធម៌ខ្មែរ។ ក្នុងចំណោមវត្ថុតាំងបង្ហាញទាំងអស់ កាក់សំរឹទ្ធបុរាណ និងចានបុរាណ គឺជាវត្ថុដែលទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាច្រើនជាងគេ។

លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ឱ្យអញ្ជើញទៅទស្សនាសារមន្ទីរខេត្តកំពង់ឆ្នាំងឱ្យបានច្រើន ដើម្បីសិក្សាស្វែងយល់អំពីវត្ថុបុរាណ និងមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា