៦ខែឆ្នាំនេះ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ៤៥ 000នាក់ចេញពីប្រទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៦ខែឆ្នាំនេះ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ៤៥ 000នាក់ចេញពីប្រទេស

៦ខែឆ្នាំនេះ កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ជាង ៤៥ 000នាក់ចេញពីប្រទេស

នៅក្នុងរយៈពេល ៦ខែឆ្នាំនេះ អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានបណ្តេញជនបរទេសខុសច្បាប់សរុបជាង ៤ម៉ឺន ៥ពាន់នាក់ ចេញពីទឹកដីកម្ពុជា។
 
យុទ្ធនាការក្តៅនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានរុញឱ្យតួលេខនៃការបណ្តេញជនបរទេសខុសច្បាប់ចេញពីកម្ពុជា កើនឡើងរហូតដល់ចំណុចកំពូលមិនធ្លាប់មាន។

Advertisement

ឯកឧត្តម ​សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ អាជ្ញាធរកម្ពុជាបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសបាន ជាង ៤ម៉ឺន ៥ពាន់នាក់។
 
បើតាមឯកឧត្តម សុខ វាសនា ទិន្នន័យត្រឹមតែមួយឆមាសឆ្នាំនេះ មានទំហំធំធេងខ្លាំង រហូតដល់ស្មើនឹងចំនួនជនបរទេសដែលត្រូវបានបណ្តេញចេញសរុបរួមបញ្ចូលគ្នារយៈពេលជាង ១០ឆ្នាំកន្លងទៅ ពោលគឺកាលពីសម័យមុនពេលមានយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ។

មន្រ្តីជាន់ខ្ពស់ដដែលបានសង្កត់ធ្ងន់ថា នៅក្នុងចំណោមជនបរទេសទាំងអស់នេះ ជនបរទេសដែលបានប្រព្រឹត្តិបទល្មើសឆបោកអនឡាញមានប្រមាណ ១ម៉ឺន ៦ពាន់នាក់។
 
ឯកឧត្តម សុខ វាសនា លើកឡើងថា ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានវាយបំបែកសំបុកធំៗរបស់ក្រុមឧក្រិដ្ឋជនជាច្រើនរួចមកហើយក្ដី ប៉ុន្តែសមាជិកដែលនៅសេសសល់ កំពុងបន្លំខ្លួនចូលក្នុងសហគមន៍។ បច្ចុប្បន្ន ស្របពេលដែលក្រុមឧក្រិដ្ឋជនទាំងនោះព្យាយាមលាក់ខ្លួន គ្របដណ្ដប់ដោយការរស់នៅជាមួយប្រជាពលរដ្ឋ សមត្ថកិច្ចក៏កំពុងបន្តយុទ្ធនាការស្រាវជ្រាវ និងតាមប្រមាញ់ពួកគេយ៉ាងស្វិតស្វាញជាបន្តបន្ទាប់ផងដែរ។
  
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ​គ្រាន់តែក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដានេះ កម្ពុជាបានបណ្ដេញចេញជនបរទេសខុសច្បាប់បានចំនួន ១ ៣៦២នាក់បន្ថែមទៀត ដែលពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗ។ ជនបរទេសទាំងនោះមាន ២៤សញ្ជាតិ ដូចជាឥណ្ឌូនេស៊ី ចិន បង់ក្លាដេស ថៃ វៀតណាម មីយ៉ាន់ម៉ា នីហ្សេរីយ៉ា និងចិនតៃវ៉ាន់ជាដើម។
 
 
សូមបញ្ជាក់ថា នៅក្នុងចំណោមនោះ ជនជាតិចិនចំនួន ១៧០នាក់ ត្រូវបានបណ្ដេញចេញតាមរយៈជើងហោះហើរពិសេស ពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ ដោយឡែក ជនជាតិថៃចំនួន ៧៩នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលជនជាតិវៀតណាមចំនួន ៤៥នាក់ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុងខេត្តស្វាយរៀង៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា