ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥

ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥

សូមអបអរសាទរសាលាបឋមសិក្សាមិត្តភាពខេត្តព្រះសីហនុ អនុវិទ្យាល័យមិត្តខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា និងមណ្ឌលសុខភាពគោកចក ដែលទទួលបានជ័យលាភីលេខ១ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ ២០២៥។

Advertisement

បន្ទាប់ពីការប្រកួតប្រជែងដ៏ស្វិតស្វាញ អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទ្រកោសា មកពីខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ ២០២៥ កម្រិតអនុវិទ្យាល័យ រីឯក្នុងកម្រិតសាលាបឋមសិក្សាវិញ ម្ចាស់ជ័យលាភីលេខ១បានទៅលើសាលាបឋមសិក្សាមិត្តភាពខេត្តព្រះសីហនុ។

ដោយឡែក ជ័យលាភីលេខ១អង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ត្រូវបានប្រគល់ជូន មណ្ឌលសុខភាពគោកចក ក្នុងខេត្តសៀមរាប។

ក្នុងនាមសម្តេចបវរធិបតី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីទាំងអស់ កាលពីព្រឹកថ្ងៃអង្គារ ទី១៤កក្កដានេះ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ សរុបជាង ២ ០០០នាក់។

នៅក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដំណើរការពិនិត្យ និងផ្តល់ពិន្ទុដល់អង្គភាពគោលដៅទាំង ៣ ក្រុម (សាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាព) គឺត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ផ្អែកលើលក្ខណៈវិនិច្ឆ័យគោលចំនួន ៨។ ការសម្រេចចិត្តចុងក្រោយ គឺឈរលើគោលការណ៍បច្ចេកទេស និងស្តង់ដារសុទ្ធសាធ ដោយគ្មានការលម្អៀង ឬផ្សារភ្ជាប់នឹងកត្តាមនោសញ្ចេតនាឡើយ ដើម្បីធានាបាននូវសមធម៌ និងតម្លាភាព១០០% សម្រាប់គ្រប់អង្គភាពចូលរួមប្រកួតប្រជែង។

ជ័យលាភីដែលទទួលបាននៅថ្ងៃនេះ គឺជាកិត្តិយសរបស់អង្គភាពផ្ទាល់ របស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃអង្គភាព អាជ្ញាធរមូលដ្ឋាន សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋដែលយកចិត្តទុកដាក់ក្នុងការចូលរួមសហការ គាំទ្រ និងជំរុញកែលម្អគុណភាព ការប្រើប្រាស់ប្រសិទ្ធភាពសេវាសាធារណៈក្នុងអង្គភាព និងមូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានក្រើនរំលឹកផងដែរថា អង្គភាពគំរូមិនមែនជាចំណុចបញ្ចប់នៃការប្រឡងប្រណាំងប៉ុណ្ណោះទេ ប៉ុន្តែគឺជាចំណុចចាប់ផ្តើមនៃការទទួលខុសត្រូវកាន់តែខ្ពស់។ ជ័យលាភីថ្ងៃនេះ ត្រូវបន្តរក្សាស្តង់ដារ កែលម្អខ្លួន ចែករំលែកបទពិសោធន៍ និងបន្តដើរតួនាទីជាប្រភពនៃការរៀនសូត្រសម្រាប់អង្គភាពផ្សេងៗទៀត។ ពានរង្វាន់នេះក៏ជាកិត្តិយសដ៏ធំធេងរបស់ស្រុក-ខណ្ឌ និងខេត្ត-រាជរដ្ឋាភិបាលទាំងមូល ដែលជាការឆ្លុះបញ្ចាំងពីយន្តការ «ឈ្នះ-ឈ្នះ»។

សូមជម្រាបថា ក្នុងឆ្នាំ២០២៥ អង្គភាពចំនួន៤ ៤៩០ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូ កម្រិតសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត និងចុងក្រោយ ដំណាក់កាលថ្នាក់ជាតិ ដើម្បីទទួលបានចំណាត់ថ្នាក់ផ្លូវការ៕

អត្ថបទ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា