ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិនៅមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិនៅមជ្ឈិមបូព៌ា

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិនៅមជ្ឈិមបូព៌ា

ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូង កាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង។ ទោះបីស្ថានការណ៍នៅមជ្ឈឹមបូព៌ាបានធូរស្រាលពេលបច្ចុប្បន្ន តែទីផ្សារធ្យូងនៅតែមានតម្រូវការខ្ពស់។

Advertisement

ក្នុងអំឡុងមានភាពតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ាដែលធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ ប្រជាពលរដ្ឋជាច្រើនបានងាកមកប្រើប្រាស់ធ្យូងអនាម័យ។ កាលនោះ ធ្យូងអនាម័យមានតម្រូវការច្រើន ហើយតម្លៃក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប៉ុន្តែបច្ចុប្បន្ន តម្រូវការបានវិលត្រឡប់មកកម្រិតធម្មតាវិញហើយ។

លោក ហេង មករា ម្ចាស់សិប្បកម្មធ្យូងអនាម័យ TH (Cambodia) Energy Solution ដែលមានទីតាំងនៅក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរំលឹកថា កាលពីពេលផ្ទុះសង្រ្គាមនៅមជ្ឈឹមបូព៌ា ធ្យូងអនាម័យប្រភេទលេខ១ឡើងថ្លៃដល់ ៤ ៥០០រៀលក្នុង១គីឡូក្រាម គឺឡើងថ្លៃ៥០០រៀល។ ចំណែកធ្យូងលេខ២ ដែលគេប្រើជាទូទៅ បានឡើងថ្លៃដល់ ២ ៥០០រៀលក្នុងមួយគីឡូក្រាម ខណៈតម្លៃធម្មតាគឺក្រោម ២ ០០០រៀលប៉ុណ្ណោះ ហើយការផលិតត្រូវបានលក់អស់ពីស្តុក។

ប៉ុន្តែចាប់ពីខែមិថុនាមក តម្រូវការបានវិលត្រឡប់មកប្រក្រតីភាពវិញ ដោយតម្លៃលក់ដុំជាមធ្យមគឺប្រមាណ ១លានរៀលក្នុងមួយតោន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកផលិតធ្យូងអនាម័យបានប្រមាណ ៣០ ទៅ ៤០តោនក្នុងមួយខែ។ លោក ហេង មករា បានឱ្យដឹងទៀតថា ដោយសារក្រុមហ៊ុនរបស់លោកប្រើកម្ទេចកម្ទីធ្យូងជាវត្ថុធាតុដើម លោកក៏ទទួលទិញធ្យូងជាកាកសំណល់គ្រប់ប្រភេទពីប្រជាពលរដ្ឋក្នុងតម្លៃ ២០០រៀលក្នុងមួយគីឡូក្រាមផងដែរ។

ធ្យូងអនាម័យ គឺជាធ្យូងផលិតពីកម្ទេចកម្ទីធ្យូងគ្រប់ប្រភេទ និងកាកសំណល់កសិកម្ម ដូចជាត្រឡោកដូង កម្ទេចឈើ ស្លឹកឈើ និងសម្បកគ្រាប់រុក្ខជាតិ។ វត្ថុធាតុដើមទាំងនេះត្រូវបានដុតឱ្យក្លាយជាធ្យូង បន្ទាប់មកយកទៅកិន លាយជាមួយម្សៅមី និងទឹកស្អាត មុនបញ្ចូលទៅក្នុងម៉ាស៊ីនចាក់ពុម្ព ហើយហាលថ្ងៃ ឬសម្ងួតក្នុងឡរហូតដល់ស្ងួត។ ធ្យូងប្រភេទនេះមានគុណភាពខ្ពស់ ឆេះបានយូរ មិនផ្ទុះ មិនបង្កផ្សែង ឬធូលីរំខាន ហើយមិនធ្វើឱ្យប្រឡាក់ដៃ និងសម្លៀកបំពាក់ពេលប្រើប្រាស់។

ធ្យូងប្រភេទនេះ អាចឆេះបានរយៈពេល ៣ ទៅ ៤ម៉ោង ពោលគឺពេលយូរជាងធ្យូងធម្មតាប្រមាណ ២ ទៅ ៣ដង។ ធ្យូងអនាម័យស័ក្តិសមសម្រាប់ការអាំងសាច់ ព្រោះវាឆេះងំបានយូរ និងផ្តល់កម្តៅស្មើៗគ្នា មិនធ្វើឱ្យសាច់ឆាប់ខ្លោចដូចធ្យូងធម្មតា។ លើសពីនេះ ការផលិតធ្យូងអនាម័យក៏រួមចំណែកបង្កើនតម្រូវការម្សៅមី ដែលផលិតពីដំឡូងមីក្នុងស្រុកផងដែរ៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា