កម្ពុជា-អាល្លឺម៉ង់ ឯកភាពជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អាល្លឺម៉ង់ ឯកភាពជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន

កម្ពុជា-អាល្លឺម៉ង់ ឯកភាពជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន

កម្ពុជា និងអាល្លឺម៉ង់ បានឯកភាពបន្តជំរុញទំហំពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន ខណៈភាគីទាំងពីរក៏មើលឃើញសក្តានុពលធំធេងក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ផងដែរ។

Advertisement

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតចប់អាណត្តិអាល្លឺម៉ង់ បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន ជាពិសេសទំនាក់ទំនងនយោបាយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា អាល្លឺម៉ង់ និងកម្ពុជា គឺជាដៃគូដែលមានការពិភាក្សាប្រកបដោយភាពបើកចំហ និងស្មោះត្រង់ ហើយជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងបន្តរីកចម្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគូសរំលេចថា ប្រទេសទាំងពីរនៅមានសក្តានុពលយ៉ាងច្រើនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ដោយឯកឧត្តមចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងសកម្មភាពការទូតរបស់ឯកអគ្គរដ្ឋទូត ក្នុងការរួមចំណែកពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់។

សម្តេចនាយករដ្ឋមន្រ្តីក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ លើវិស័យជាច្រើន ដូចជាអប់រំ និងការបណ្តុះបណ្តាល ហើយបានបង្ហាញជំនឿថា កិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះនឹងបន្តរីកចម្រើន និងកាន់តែរឹងមាំថែមទៀត។

ទាក់ទងនឹងវិស័យសេដ្ឋកិច្ច សម្តេចធិបតីបានឯកភាពថា កម្ពុជា និងអាល្លឺម៉ង់ នៅមានឱកាសជាច្រើនក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ចំពោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម សម្តេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ។ សម្តេចបានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីគោលនយោបាយ និងវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកែច្នៃផលិតផលកសិកម្មយុទ្ធសាស្ត្រ ដូចជា គ្រាប់ស្វាយចន្ទី និងស្រូវ-អង្ករ ដើម្បីបង្កើនតម្លៃបន្ថែម និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបនោះផងដែរ សម្តេចធិបតីបានជម្រាបជូនឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត Stefan Messerer បានបញ្ជាក់ថា អាល្លឺម៉ង់គាំទ្រការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា