អំបិលកំពតផលិតបានជាង ៨ម៉ឺនតោនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អំបិលកំពតផលិតបានជាង ៨ម៉ឺនតោនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

អំបិលកំពតផលិតបានជាង ៨ម៉ឺនតោនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

នៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៦ នេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណផលខ្ពស់មួយ​ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០២៥។​

Advertisement

វិស័យផលិតកម្មអំបិលធម្មជាតិរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដោយត្រឹមរយៈពេល ៦ខែក្នុងឆ្នាំ២០២៦ នេះ ខេត្តកំពតសម្រេចបានទិន្នផលអំបិលរហូតដល់ទៅជាង ៨ម៉ឺនតោន ក្នុងបានចែកចាយ លើទីផ្សារក្នុងស្រុកប្រមាណ ៦ម៉ឺនតោន រួចហើយ។ នេះបើតាមការបញ្ជាក់របស់លោក មឿង គង្គា អភិបាលរងខេត្តកំពត។
 
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ទៀតថា មុខរបរផលិតអំបិលនៅក្នុងខេត្តកំពត មិនត្រឹមតែជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរទ្រូងសេដ្ឋកិច្ចមួយផងដែរ ហើយខេត្តក៏ត្រៀមលក្ខណៈសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតផង។
 
ដោយឡែកចំពោះតម្លៃនៅលើទីផ្សារបច្ចុប្បន្ន លោក មឿង គង្គា បានបញ្ជាក់ថា អំបិលកំពតកំពុងមានតម្លៃស្ថិរភាពល្អបង្គួរ ដោយលក់ចេញបានក្នុងតម្លៃចន្លោះពី ១៣ ០០០ រៀល ទៅ ២០ ០០០ រៀល ក្នុងមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ទៅតាមប្រភេទ និងគុណភាពអំបិល។
  
សូមរំលឹកថា កាលពីឆ្នាំ២០២៥ វិស័យផលិតកម្មអំបិលកម្ពុជាបានជួបប្រទះវិបត្តិធ្លាក់ចុះទិន្នផលយ៉ាងធ្ងន់ធ្ងរបំផុត ដោយប្រមូលផលបានត្រឹមតែប្រមាណ ១៨ ០០០ ទៅ ២០ ០០០ តោនប៉ុណ្ណោះ ពោលគឺថយចុះរហូតដល់ទៅជាង ៩០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដែលធ្លាប់ទទួលបានទិន្នផលខ្ពស់រហូតដល់ ១៣ម៉ឺនតោន។ ការធ្លាក់ចុះទិន្នផលយ៉ាងគំហុកកាលពីឆ្នាំមុន គឺបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ដែលមានភ្លៀងធ្លាក់ញឹកញាប់ខុសប្រក្រតីនៅរដូវប្រមូលផល។
 
សូមបញ្ជាក់ថា «អំបិលកំពត-កែប» មិនត្រឹមតែជាទំនិញយុទ្ធសាស្ត្រសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៣ ដើម្បីការពារតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
 
ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិលប្រមាណ ១០ ម៉ឺនតោន៕

ទួន សុផល

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា