ច្បាប់វិសោធនកម្មផ្លូវថ្នល់ថ្មីប្រកាសឲ្យប្រើជាផ្លូវការ ដើម្បីរឹតបន្តឹងឡានដឹកលើសទម្ងន់ និងបង្កើនប្រាក់ពិន័យកាន់តែធ្ងន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ច្បាប់វិសោធនកម្មផ្លូវថ្នល់ថ្មីប្រកាសឲ្យប្រើជាផ្លូវការ ដើម្បីរឹតបន្តឹងឡានដឹកលើសទម្ងន់ និងបង្កើនប្រាក់ពិន័យកាន់តែធ្ងន់

ច្បាប់វិសោធនកម្មផ្លូវថ្នល់ថ្មីប្រកាសឲ្យប្រើជាផ្លូវការ ដើម្បីរឹតបន្តឹងឡានដឹកលើសទម្ងន់ និងបង្កើនប្រាក់ពិន័យកាន់តែធ្ងន់

ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ថ្មី ត្រូវបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីរឹតបន្តឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាងមុន ចំពោះយានយន្តដែលដឹកជញ្ជូនលើសទម្ងន់កំណត់ និងបទល្មើសផ្សេងៗដែលបំផ្លិចបំផ្លាញផ្លូវសាធារណៈ។

Advertisement

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់» ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តរួចរាល់។

ច្បាប់ថ្មីនេះគឺជាការធ្វើវិសោធនកម្មមាត្រាសំខាន់ៗនៃច្បាប់ស្តីពីផ្លូវថ្នល់ឆ្នាំ២០១៤ ដើម្បីឱ្យស្របទៅនឹងស្ថានភាពជាក់ស្តែង ក្នុងនោះរួមមានការកំណត់កម្រិតទម្ងន់ផ្ទុកអតិបរមាសម្រាប់រថយន្តធុនធ្ងន់គ្រប់ប្រភេទ រួមទាំងរថយន្តសណ្តោងរ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើបណ្តាញផ្លូវថ្នល់ទូទាំងប្រទេស។

ចំណុចសំខាន់នៅក្នុងច្បាប់ថ្មីនេះ គឺការបង្កើនកម្រិតពិន័យអន្តរការណ៍ជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងទណ្ឌកម្មរដ្ឋបាលបន្ថែមចំពោះអ្នកបើកបរ ឬម្ចាស់យានយន្តដែលល្មើសច្បាប់។

ជាក់ស្តែង ករណីបើកបររថយន្តដឹកជញ្ជូនលើសទម្ងន់ ហើយមិនព្រមចូលជញ្ជីងថ្លឹងតាមការកំណត់ នឹងត្រូវរងការពិនិត្យពិន័យជាប្រាក់ចំនួន ១លានរៀល។ ចំពោះយានយន្តដែលថ្លឹងទៅឃើញថា មានទម្ងន់លើសកម្រិតកំណត់ ចាប់ពី ៥ ភាគរយ រហូតដល់លើសពី ៤០ ភាគរយ នឹងត្រូវប្រឈមមុខនឹងការរំកិលទំនិញចេញ និងពិន័យជាប្រាក់ចាប់ពី ១០ម៉ឺនរៀល ដល់ ១លានរៀល ក្នុងទម្ងន់លើស ១ តោន។ ក្នុងករណីដែលម្ចាស់យានយន្តល្មើសមិនព្រមបង់ប្រាក់ពិន័យក្នុងរយៈពេល ៩០ ថ្ងៃ គិតចាប់ពីថ្ងៃរងការពិន័យ មន្ត្រីអធិការកិច្ចផ្លូវថ្នល់នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ក្រៅពីការរឹតបន្តឹងលើការដឹកជញ្ជូនលើសទម្ងន់ ច្បាប់វិសោធនកម្មនេះក៏បានចែងអំពីការដាក់ទោសទណ្ឌលើសកម្មភាពខុសច្បាប់ផ្សេងទៀតនៅលើទ្រូងផ្លូវ និងដីចំណីផ្លូវផងដែរ។ សកម្មភាពដូចជា ការយកថ្លៃប្រើប្រាស់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាត ការធ្វើរបងឬសំណង់រំលោភលើដីចំណីផ្លូវ ការបង្ហូរទឹកស្អុយឬកាកសំណល់ធ្វើឱ្យខូចខាតផ្លូវ ការផ្លាស់ប្តូរឬបំផ្លិចបំផ្លាញផ្លាកសញ្ញាចរាចរណ៍ និងការប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយគ្មានអាជ្ញាប័ណ្ណ នឹងត្រូវរងការពិន័យជាប្រាក់ទៅតាមទំហំនៃបទល្មើស។

រាជរដ្ឋាភិបាលកម្ពុជារំពឹងថា ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ដ៏តឹងរ៉ឹងនេះ នឹងក្លាយជាឧបករណ៍គតិយុត្តដ៏មានប្រសិទ្ធភាពមួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការពារគុណភាពផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែង និងជួយសន្សំសំចៃថវិកាជាតិក្នុងការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា